(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានក៏ដូចជាក្រើនរំលឹកដល់ពលរដ្ឋរបស់ខ្លួនឱ្យ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យ នៃការវាយប្រហារភេរវកម្ម ដែលអាចនឹងកើតឡើងក្នុងអំឡុងពេលនៃការធ្វើវិសម្សកាលទៅកាន់បណ្ដាប្រទេសអឺរ៉ុប នៅដំណាច់ឆ្នាំ២០១៦នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា « ផ្អែកលើព័ត៌មានដែលគួរឱ្យ ទុកចិត្តបានជាច្រើនបានបង្ហាញថាក្រុមសកម្មប្រយុទ្ធ ISIS និងក្រុមអាល់កៃដា រួមទាំងក្រុមភេរវករដ៏ទៃទៀតកំពុងរៀបចំគំរោងវាយប្រហារដោយភេរវកម្មនៅអឺរ៉ុប ជាពិសេសគឺនៅអំឡុងវិសម្សកាលនៅដំណាច់ឆ្នាំនេះតែម្ដង។ ដូច្នេះពលរដ្ឋអាមេរិកទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នៅតាមតំបន់ទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម មធ្យោបាយដឹកជញ្ជូន និងទីកន្លែងដែលមានមនុស្សកកកុញ»។
គួររំលឹកថានេះមិនមែនជាលើកទីមួយឡើយ ដែលសហរដ្ឋអាមេរិកក្រើនរំលឹកពលរដ្ឋរបស់ខ្លួនឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ពោលគឺកាលពីខែមីនា បន្ទាប់ពីមានការវាយប្រហារក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ទីក្រុងវ៉ាស៊ីតោនក៏ធ្លាប់បានព្រមានផងដែរថាក្រុមភេរវករនឹងនៅតែបន្តរៀបចំគំរោងវាយប្រហារភេរវកម្មនៅអឺរ៉ុប៕