(អាមេរិក)៖ ក្រុមហ៊ុននៃបណ្តាញទំនាក់ទំនងសង្គម Facebook មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ស្ងាត់ៗបានអភិវឌ្ឍន៍ នូវកម្មវិធីចាប់បទល្មើសដោយស្វ័យប្រវត្តិមួយ ដែលទំនងជាអាចបញ្ចុះបញ្ចូលឲ្យប្រទេសចិនផ្តល់សិទ្ធិអនុញ្ញាត ដល់បណ្តាញទំនាក់ទំនងសង្គមដ៏ធំជាងគេលើលោកនេះ មានវត្តមាននៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ច ពិភពលោកទីពីរ ដែលមានប្រជាជនប្រមាណជា ១.៤ពាន់លាននាក់នេះវិញ បន្ទាប់ពីត្រូវបានហាមឃាត់អស់រយៈពេល ០៧ឆ្នាំមក។ នេះបើតាមកាសែត New York Times ចេញផ្សាយបន្តដោយសារទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៣
ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានបង្កើតនូវកូនកម្មវិធីមួយ ដែលមានសមត្ថភាពកំណត់មិនឲ្យការបង្ហោះ (Posts) បង្ហាញនៅលើផ្ទាំងព័ត៌មានថ្មីៗ (News Feeds) របស់អ្នកប្រើប្រាស់នៅតាមតំបន់ណាមួយបាន ដោយមានការជួយជ្រោមជ្រែងពីសំណាក់នាយកប្រតិបត្តិ និងជាបិតាស្ថានិកផ្ទាល់គឺលោក Mark Zuckerberg ហើយកាលពីខែមីនា មហាសេដ្ឋីវ័យក្មេងរូបនេះ ក៏បានជួបពិភាក្សាជាមួយនឹងមន្រ្តីជាន់ខ្ពស់ចិនលោក Liu Yunshan ស្ថិតក្នុងក្តីសង្ឃឹមថាក្រុមហ៊ុន Facebook និងបណ្តាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណែត នៅក្នុងប្រទេសចិនអាចនឹងមាន
ទំនាក់ទំនងកាន់តែប្រសើរផងដែរ។
កម្មវិធីថ្មីនេះនឹងអនុញ្ញាតឲ្យភាគីទីបី (ក្រៅពីក្រុមហ៊ុន និងអ្នកប្រើប្រាស់) ធ្វើការឃ្លាំមើលនូវសាច់រឿងនិងប្រធានបទដ៏ក្តៅគគុកនានា ដែលអ្នកប្រើប្រាស់បានបង្ហោះ និងចែករំលែកនៅជុំវិញបណ្តាញសង្គម Facebook ដោយភាគីទីបីនឹងមានសិទ្ធិគ្រប់គ្រងទាំងស្រុង ក្នុងការសម្រេចថាតើ Posts ទាំងអស់នោះគួរតែត្រូវបង្ហាញនៅលើ News Feeds របស់អ្នកប្រើប្រាស់ដែរឬយ៉ាងណា ប៉ុន្តែពុំទាន់មានសញ្ញាណាមួយបញ្ជាក់ថាក្រុមហ៊ុន Facebook បានផ្តល់កម្មវិធីចាប់ពិរុទ្ធភាពនេះ ទៅកាន់អាជ្ញាធរប្រទេសចិននៅឡើយទេ។
គួរបញ្ជាក់ថានៅក្នុងប្រទេសចិន បណ្តាញទំនាក់ទំនងសង្គមដែលកំពុងឈានផ្តាច់មុខគេនេះ ត្រូវបានបិទជាអចិន្រ្តៃយ៍នៅក្រោយការធ្វើបះបោរ ក្នុងទីក្រុង Urumqi នៃតំបន់ស្វ័យយ័ត Xinjiang កាលពីឆ្នាំ២០០៩ ដោយសារតែកាលនោះ ពួកសកម្មជនឯករាជ្យបានប្រើប្រាស់ Facebook ជាផ្នែកមួយនៃមធ្យោបាយទាក់ទងរបស់ពួកគេ៕