(អ៉ីស្រាអ៊ែល)៖ នៅក្នុងលិខិតបន្ទាន់មួយផ្ញើជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ អគ្គរដ្ឋទូតអ៊ីស្រាអ៊ែល លោក Danny Danon បានអះអាងថា អ៊ីរ៉ង់បានប្រើប្រាស់យន្ដហោះឯកជន បំភ័ន្ដភ្នែកពិភពលោកដើម្បីដឹកជញ្ជូនអាវុធទៅឱ្យក្រុមឧទ្ទាមហេសប៊ូលឡា នៅក្នុងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមលិខិតខាងលើដដែល លោក Danny Danon ឱ្យដឹងថា ផ្អែកលើទិន្នន័យដែលទីភ្នាក់ងារចារកម្ម អ៊ីស្រាអ៊ែលទទួលបាន កងកម្លំាងអ៊ីរ៉ង់ Al Quds បានប្រើប្រាស់យន្ដហោះឯកជននៃជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Mahan Air ក្នុងការដឹកជញ្ជូនអាវុធ រួមមានទាំងបច្ចេកវិទ្យាមីស៊ីលទៅឱ្យក្រុម ឧទ្ទាមហេសប៊ូលឡាលីបង់ តាមរយៈការចុះចតដោយផ្ទាល់នៅឯអាកាសយានដ្ឋានក្នុងប្រទេសលីបង់ ឬក៏នៅទីក្រុងដាម៉ាស់ ប្រទេសស៊ីរី។
អគ្គរដ្ឋទូតអ៊ីស្រាអ៊ែលរូបនេះបានបន្ថែមថា សកម្មភាពរបស់អ៊ីរ៉ង់ខាងលើនេះគឺផ្ទុយទំាងស្រុង ទៅនឹងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលេខ ២២៣១ ដែលដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ដូចជា ដំណោះស្រាយលេខ ១៧០១ ស្ដីពីបទឈប់បាញ់រវាងអ៊ីស្រាអ៊ែល និងលីបង់បន្ទាប់ពីសង្រ្គាមរវាង ប្រទេសទំាងពីរបញ្ចប់នៅឆ្នាំ២០០៦។
គួររំលឹកថាកាលពីខែកក្កដា លោក Danny Danon ក៏ធ្លាប់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខផងដែរ ថាក្រុមឧទ្ទាមហេសប៊ូលឡា មានគ្រាប់មីស៊ីលច្រើនជាង ១៧ដង បើធៀបទៅនឹងមុនរយៈពេលនៃដំណោះស្រាយលេខ ១៧០១ ត្រូវបានអនុម័ត ហើយដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ សំដៅផ្គត់ផ្គង់ឡើងវិញនូវអាវុធដល់ក្រុមឧទ្ទាមមួយនេះ ដើម្បីបង្កអស្ថិរភាពនៅក្នុងតំបន់ ព្រមទំាងគំរាមកំហែងយ៉ាងខ្លាំង ដល់សន្តិសុខជាតិអ៊ីស្រាអ៊ែល៕