(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាលោក ដូណាល់ ត្រាំ គឺលោកស្រី ខែលលីយែន ខុនវ៉េ (Kellyanne Conway) បានឱ្យដឹងថា រដ្ឋាភិបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកត្រាំ នឹងមិនធ្វើការស៊ើបអង្កេតណាមួយប្រឆំាងនឹង លោកស្រី ហ៊ីលឡារី គ្លីនតុន នោះទេ ជុំវិញរឿងអាស្រូវ Email កាលលោកស្រីនៅកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងការបរទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ MSNBC លោកស្រី Kellyanne Conway បានលើកឡើងថា អនាគតប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ នឹងមិនធ្វើការចោទប្រកាន់ ឬ បើកការស៊ើបអង្កេត ណាមួយឡើយ ដើម្បីប្រឆាំងនឹងលោកស្រី គ្លីនតុន ទាក់ទិននឹងរឿងអាស្រូវ Email ដែលគេចោទថា លោកស្រី បានប្រើប្រាស់សារអេឡិចត្រូនិច (Email) ឯកជន នៅក្នុងអំឡុងពេលកាន់តំណែងជារដ្ឋមន្ត្រីការបរទេស អាមេរិកពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។
សូមជំរាបថា បើគេនៅចាំមិនភ្លេច លោក ដូណាល់ ត្រាំផ្ទាល់ ធ្លាប់សន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថាលោកនឹងតែងតំាងរដ្ឋអាជ្ញាពិសេស ស៊ើបអង្កេតលើរឿងអាស្រូវ Email នេះ ដើម្បីចាប់លោកស្រីគ្លីនតុន ដាក់ពន្ធនាគារ នៅពេលលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក៕