(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឱ្យដឹងថា រដ្ឋាភិបាលចិន កំពុងមានសង្ឃឹមលើលទ្ធផលដំបូងនៅក្នុង កិច្ចចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនៅអាស៊ី បន្ទាប់ពីប្រធានាធិបតីអាមេរិក ទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ប្រកាសថានឹងលុបចោលកិច្ចព្រមព្រៀងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិកTPP ហើយដែលការសម្រេច ចិត្តនេះត្រូវបានក្រុមអ្នកជំនាញមួយចំនួនមើលឃើញថា នឹងជួយឱ្យចិនពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅអាស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងសារវីដេអូខ្លីមួយ លោកត្រាំ បានសន្យាថានឹងលុបចោលកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ដែលជាយុទ្ធសាស្ត្រសេដ្ឋកិច្ចមួយរបស់លោក បារ៉ាក់ អូបាម៉ា ឆ្ពោះមកកាន់ទ្វីបអាស៊ី និងមាន១២ប្រទេសចូលរួម ដែលក្នុងនោះលើកលែងតែប្រទេសចិន។ ចំណែកឯទីក្រុងប៉េកំាងវិញ ដើម្បីប្រកួតប្រជែងនឹង TPP បានគាំទ្រយ៉ាងខ្លំាង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ RCEP ដែលមាន១៦ប្រទេសចូលរួម ពោលគឺប្រទេសអាស៊ាន ទំាង១០ប្រទេស ព្រមទំាង ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ លើកលែងសហរដ្ឋអាមេរិក ។
មួយវិញទៀត ផ្អែកលើកិច្ចព្រមព្រៀង RCEP នេះឯង ទើបអ្នកជំនាញមួយចំនួនដូចជា លោក Bin Jiancheng ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យទីក្រុងសៀងហៃ យល់ថាការលុបចោល កិច្ចព្រមព្រៀង TPP នឹងផ្ដល់ឱកាសនិង ពេលវេលា ដល់ចិនដើម្បីពង្រីក ឥទ្ធិពលកាន់តែខ្លំាងនៅអាស៊ីតាមរយៈ ការប្រើប្រាស់ កិច្ចព្រមពៀងសេដ្ឋកិច្ច RCEP។ លោក Jiancheng បន្ថែមថា គេពិបាកក្នុងការវាយតម្លៃណាស់ថាកិច្ចសហ ប្រតិបត្តិការចិន-សហរដ្ឋអាមេរិក នឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិង ពិភពលោក ដល់កំរិតណា ក៏ប៉ុន្តែគេដឹងច្បាស់ណាស់ថាការប្រឈមមុខដាក់គ្នារវាងមហាអំណាចទំាងពីរ នឹងបង្ករទៅជាគ្រោះមហន្តរាយ។
គួរបញ្ជាក់ថា បើតាម លោក Bin Jiancheng បើទោះជាសហរដ្ឋអាមេរិកគ្មានកិច្ចព្រមព្រៀង TPP ក៏ទីក្រុង វ៉ាស៊ីនតោន អាចនឹងប្រើប្រាស់មធ្យោបាយ ឬយន្តការផ្សេងទៀត ដើម្បីរក្សាតួនាទីរបស់ខ្លួននៅតំបន់អាស៊ី និង សមត្ថភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕