(ម៉ានីល)៖ សហរដ្ឋអាមេរិក និងហ្វីលីពីន បានព្រមព្រៀងគ្នាហើយនៅថ្ងៃអង្គារនេះ ថានឹងកាត់បន្ថយការធ្វើ សមយុទ្ធយោធារួមគ្នា ព្រមទាំងការដាក់ពង្រាយកងទ័ពអាមេរិក ដែលនេះធ្វើឡើងតាមគោលបំណងរបស់ លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូធើតេ ដែលមិនចង់ឃើញវត្ដមានយោធាបរទេសនៅលើទឹកដីហ្វីលីពីន។ នេះបើ តាមអ្នកនំាពាក្យឧត្ដមសេនីយ៍ឯកហ្វីលីពីនលោក Restituto Padilla ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមក្នុងទីក្រុងម៉ានីល អ្នកនាំពាក្យរូបនេះ បានលើកឡើងដូច្នេះថា« កិច្ចសហប្រតិបត្តិ ការរវាងប្រទេសទំាងពីរ នៅតែបន្តធ្វើឡើងនៅក្នុងវិស័យសំខាន់ ពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រទេសទំាង ពីរ ក្នុងនោះរួមមាន ការធ្វើប្រតិបត្តិការមនុស្សធម៌ ការជួយសង្រ្គោះក្នុងគ្រាមានគ្រោះមហន្តរាយណាមួយ ឬក៏ ការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងសន្តិសុខសមុទ្រជាដើម ខណៈកងទ័ពសហរដ្ឋអាមេរិកនឹងត្រូវបានកាត់ បន្ថយមកនៅត្រឹមចំនួនដ៏តិច»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន បានស្គាល់ភាពតានតឹងលើសពេលណាទំាងអស់ ក្រោយលោក ឌូធើតេ ក្លាយជាប្រធានាធិបតីហ្វីលីពីន ដោយនៅពេលខ្លះលោកបានអះអាងថា ចង់ផ្ដាច់ទំនាក់ ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ពេលខ្លះទៀតថាមិនអាចធ្វើទៅបាន ហើយលោកផ្ទាល់ក៏ធ្លាប់បង្ហាញពីគោល បំណងបង្កើតសម្ព័ន្ធភាពថ្មីជាមួយចិននិងរុស្ស៊ី ដែលនេះត្រូវបានលោកឌូធើតេហៅថាជា ការបង្កើតនយោបាយ ឯករាជ្យមួយ មិនចាំបាច់សូមយោបល់ពីសហរដ្ឋអាមេរិកជាមុន។ ជាងនេះទៅទៀត នៅក្នុងជំនួបជាមួយ Idol របស់ខ្លួនគឺប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំ APEC ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ លោក ឌូធើតេ បានចាត់ទុកសហរដ្ឋអាមេរិកថា ពូកកែខាងពុតត្បុត និងគម្រាមកំហែង ប្រទេសតូចតាច៕