(សេអ៊ូល)៖ កូរ៉េខាងជើងទំនងជាកំពុងតែធ្វើការសាកល្បងស្វែងរកទិសដៅនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងព្យុងយ៉ាង នៅមុខការផ្លាស់ប្តូររដ្ឋបាលថ្មីនៃទីក្រុងវ៉ាស៊ីនតោន ដែលលោក ដូណាល់ ត្រាំ នឹងឡើងចូលស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះត្រូវបានធ្វើឡើងដោយក្រសួងការបរទេសកូរ៉េខាងត្បូង ដើម្បីជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ទីក្រុងព្យុងយ៉ាង ដែលបានចេញនៅម្សិលមិញនេះ ដោយនៅក្នុងនោះប្រទេសកូរ៉េខាងជើងបានអះអាងថា នៅក្នុងរយៈពេលចំនួនប្រាំឆ្នាំចុងក្រោយនេះបន្ទាប់ពីអតីតមេដឹកនាំលោក គីម ជុងអ៊ីល បានទទួលមរណភាពទៅ ប្រទេសកុម្មុយនិស្តដ៏ឯកោមួយនេះបានប្រឈមមុខកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែងក៏ដូចជាការឈ្លានពានឥតឈប់ឈរពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
ជារឿយៗកូរ៉េខាងជើងបានអះអាងដូច្នេះថា «គោលនយោបាយដ៏គ្រោះថ្នាក់ និងការគំរាមកំហែងផ្នែកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង គឺកាន់តែជំរុញឲ្យទីក្រុងព្យុងយ៉ាងចាត់វិធានការទប់ទល់ដែលប្រកបដោយភាពត្រឹមត្រូវនិងសុច្ចរិតថែមទៀតប៉ុណ្ណោះ ដែលអ្វីៗទាំងអស់នេះគឺភាគីអាមេរិកជាអ្នកបង្កឡើងទាំងស្រុង»។
អ្នកនាំពាក្យរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Cho June-hyuck បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «នៅក្រោយពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទើបតែបានបញ្ចប់ទៅថ្មីៗ ប្រទេសកូរ៉េខាងជើងបានព្យាយាមដាក់សម្ពាធដោយប្រយោលទៅលើរដ្ឋបាលថ្មរបស់ប្រទេសមហាអំណាចមួយនេះ ដើម្បីឲ្យពួកគេផ្លាស់ប្តូរនយោបាយមកលើឧបទ្វីបកូរ៉េ ហើយខណៈពេលនេះទីក្រុងព្យុងយ៉ាងទំនងជាកំពុងធ្វើការស្ទាបស្ទង់ ចំពោះអនាគតរដ្ឋាភិបាលអាមេរិកថ្មី នៅក្នុងទម្រង់ជាអនុស្សរណៈរបស់ក្រសួងការបរទេសខ្លួន នៅមុនពេលលោក ដូណាល់ ត្រាំ ចូលស្បថកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក»។
គួរបញ្ជាក់តាមលោក Cho ដែរថាប្រទេសកូរ៉េខាងត្បូងនឹងនៅតែបន្តសហការជាមួយសម្ព័ន្ធមិត្តអាមេរិកជានិច្ចដើម្បីដាក់សម្ពាធព្រមទាំងទណ្ឌកម្មបន្ថែមទៀតទៅលើកូរ៉េខាងជើងរហូតទាល់តែប្រទេសមួយនេះ អស់ជម្រើសក្រៅពីបោះបង់ ការអភិវឌ្ឍនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនចោល៕