(វ៉ាស៊ីនតោន)៖ នៅពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិកជាផ្លូវការនៅខែមករាឆ្នាំក្រោយនេះ អនាគតមេដឹកនាំប្រទេសមហាអំណាចពិភពលោករូបនេះទំនងជានឹងនាំយកនូវទំនាស់ផលប្រយោជន៍ សំខាន់ៗមួយចំនួនទាក់ទងនឹងមុខជំនួញដ៏ធំមហាសាលជាមួយនិងរូបលោកធ្វើដំណើរទៅកាន់សេតវិមាន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រទស្សនាវដ្តី Time របស់សហរដ្ឋអាមេរិក ចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្នុងពេលឆាប់ៗខាងមុខនេះ ការសម្រេចចិត្តជាច្រើនដែលលោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងនៅពេលដែលលោកឡើងកាន់តំណែង នឹងជះឥទ្ធិពលដោយមិនអាចជៀសផុតឡើយទៅលើមុខជំនួញរបស់លោក ដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារហើយបច្ចុប្បន្ន នេះពុំមានយន្តការណាមួយដែលទាមទារឬតម្រូវឲ្យលោកអនាគតប្រធានាធិបតី ចាំបាច់ត្រូវតែមានតម្លាភាពចំពោះការសម្រេចចិត្តទាំងអស់នោះឡើយដោយសារតែគ្មានក្រុមស៊ើបអង្កេតណា ដែលមានចំណាប់អារម្មណ៍ក្នុងការស្រាវជ្រាវនិងតាមដានទៅលើបញ្ហានេះ រីឯសភាជាតិដែលគណបក្សសាធារណរដ្ឋ បានឈ្នះសំឡេងភាគច្រើនវិញហើយនិងរដ្ឋបាលថ្មីរបស់លោកផ្ទាល់ក៏មិនខ្វាយខ្វល់ផងដែរ។
យ៉ាងណាមិញវាប្រាកដណាស់ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នឹងនៅតែបន្តស៊ើបអង្កេតទៅលើរឿងនេះ ប៉ុន្តែលោក ដូណាល់ ត្រាំ បានបញ្ចុះបញ្ចូលប្រជាជនអាមេរិក ស្ទើរតែទាំងស្រុងទៅហើយថាស្ថាប័នព័ត៌មាននៅក្នុងប្រទេសរបស់ពួកគេសព្វថ្ងៃមិនអាចឲ្យជឿទុកចិត្តបានទៀតនោះឡើយ។
គួរបញ្ជាក់ដែរថាទំនាស់ផលប្រយោជន៍របស់លោក ដូណាល់ ត្រាំ រួមមានចាប់តាំងពីបញ្ហាតូចតាចដូចជាការវិនិយោគរបស់លោកទៅលើគំរោង នៃការសាងសង់បំពង់បង្ហូរឧស្ម័ន និងប្រេងនៅក្នុងរដ្ឋ North Dakota ជាដើម ទៅដល់បញ្ហាពាណិជ្ជកម្មខ្នាតធំជាមួយប្រទេសចិន ដែលនឹងប៉ះពាល់ដល់ចំណងទាក់ទងរវាងធនាគារចិនហើយនិងមុខជំនួញ «Trump Organization» ដែលនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងនៃកូនចម្បងទាំងបីរូបរបស់លោក ដូណាល់ ត្រាំ៕