(អេហ្ស៊ីប)៖ តុលាការកំពូលនៃប្រទេសអេហ្ស៊ីបបានសម្រេច មិនធ្វើការកាត់ទោសប្រហារជីវិតចំពោះអតីតប្រធានាធិបតីរបស់ខ្លួន គឺលោក Mohamed Mursi នៃក្រុមចលនា «Muslim Brotherhood» វិញ ហើយបានបង្គាប់ឲ្យបើកការជំនុំជម្រះជាថ្មីម្តងទៀត ទៅលើសំណុំរឿងជុំវិញការចោទប្រកាន់ដែលថាលោក Mursi បានឃុបឃិតជាមួយក្រុមប៉ាឡេស្ទីន Hamas ដើម្បីលួចស៊ើបយកការណ៍សម្ងាត់ពីផ្ទៃក្នុងប្រទេសអេហ្ស៊ីប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
កាលពីសប្តាហ៍មុននេះចៅក្រមក៏បានដកចេញនូវការកាត់ទោសប្រហារជីវិត ចំពោះលោក Mursi នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយផ្សេងទៀត ពាក់ព័ន្ធនឹងការហែកគុកផងដែរ ហើយយ៉ាងណាមិញអតីតប្រធានាធិបតីអេហ្ស៊ីបរូបនេះ នៅតែបន្តជាប់ឃុំខ្លួនក្នុងពន្ធនាគារដដែលដោយសារតែនៅជាប់ទោសពីបទធ្វើចារកម្ម ប៉ុន្តែមិនប្រឈមនឹងទោសប្រហារជីវិតទៀតឡើយ។
គួរបញ្ជាក់ដែរថា លោក Mohamed Mursi ដែលត្រូវបានប្រជាជនអេហ្ស៊ីប បោះឆ្នោតឲ្យធ្វើជាមេដឹកនាំប្រទេស នៅក្រោយការបះបោរកាលពីឆ្នាំ២០១១ កន្លងទៅនេះ ត្រូវបានប្រធានាធិបតីអេហ្ស៊ីបបច្ចុប្បន្នលោក Abdel Fattah al-Sisi ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅពាក់កណ្តាលឆ្នាំ២០១៣ បន្ទាប់ពីប្រជាជនរាប់ម៉ឺននាក់បានធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំរបស់លោក Mursi ហើយក្រោយមកលោកក៏ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗ៕