នាយករដ្ឋមន្ត្រីជប៉ុន៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក TPP នឹងគ្មានន័យអ្វីឡើយ បើគ្មានសហរដ្ឋអាមេរិក»
22-11-2016 15:31
(វ៉ាស៊ីនតោន)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬហៅកាត់ថា (TPP) នឹងគ្មានន័យអ្វីឡើយ បើសិនជាគ្មានការចូលរួមពីសំណាក់សហរដ្ឋអាមេរិក ដែលនេះ គឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅចំពោះមុខអ្នកសារព័ត៌មាន នៅឯអាកាសយានដ្ឋានក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដែលចុះផ្សាយដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោក អាបេ ធ្វើឡើងនៅបន្ទាប់ពីប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសថានឹងលុបចោលកិច្ចព្រមព្រៀងនេះ នៅពេលលោកក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលធ្លាប់រងការវាយប្រហារពីលោក សម រង្ស៊ី ថាជាជនផ្តាច់ការបានថ្លែងនៅក្នុងសារជាវីដេអូ រៀបរាប់អំពីការងារដែលលោកនឹងបំពេញនៅក្នុងរយៈពេល ១០០ថ្ងៃដំបូងនៅឯសេតវិមាន ដោយលោកបញ្ជាក់ដូច្នេះថា «ខ្ញុំបានស្នើឲ្យក្រុមការងាររបស់ខ្ញុំបង្កើតនូវបញ្ជីនៃសកម្មភាពចម្បងៗ ដែលពួកយើងអាចនឹងអនុវត្តន៍នៅថ្ងៃដឹកនាំប្រទេសដំបូងដើម្បីស្តារច្បាប់ និងនាំយកការងាររបស់ប្រជាជនអាមេរិកមកវិញ។
ចំណែកឯរឿងវិស័យពាណិជ្ជកម្មវិញ លោក ដូណាល់ ត្រាំ នឹងចេញដំណឹងបញ្ជាក់ពីគោលបំណង ក្នុងការលុបចោលកិច្ចព្រមព្រៀង TPP (Trans-Pacific Partnership) ដែលប្រៀបដូចជាគ្រោះមហន្តរាយដ៏ធំធេងចំពោះសហរដ្ឋអាមេរិក ហើយងាកមករកការចរចាលើកិច្ចព្រមព្រៀងដែលនឹងនាំយកការងារព្រមទាំងឧស្សាហកម្មមកកាន់ទឹកដីអាមេរិកវិញ»៕