(សេអ៊ូល)៖ មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូង លោក Chang Myoung-jin បាននិយាយនៅថ្ងៃអង្គានេះថា ទីក្រុងសេអ៊ូល អាចនឹងទទួលយកសំណើរបស់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ សម្រាប់ការជួយចេញថ្លៃចំណាយដល់កងទ័ពអាមេរិកជាង ២៨,០០០នាក់ដែលកំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមការដកស្រង់សម្ដីចុះផ្សាយលើសារព័ត៌មាន Korea Times newspaper លោក Chang Myoung-jin បានថ្លែងថា «ផ្អែកលើគោលគំនិតរបស់ខ្ញុំ បើសិនជាវោហាសាស្ត្ររបស់ លោក ដូណាល់ ត្រាំ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតគឺជាការពិតនោះមានន័យថា ដើម្បីរក្សាសម្ព័ន្ធភាពជាមួយ រដ្ឋាភិបាលអាមេរិកថ្មី កូរ៉េខាងត្បូងមិនអាចជៀសរួចឡើយ ក្នុងការជួយចេញចេញថ្លៃចំណាយដល់កងទ័ពអាមេរិក។ ប៉ុន្តែវាក៏ចាំបាច់ផងដែរសម្រាប់ការបង្កើនការចំណាយទៅលើការអភិវឌ្ឍបរិក្ខាយោធា និងសមត្ថភាពយោធាកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង»។
គួររំលឹកថានៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថាបើសិន ជាលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោកនឹងស្នើឱ្យ អាល្លឺម៉ង់ កូរ៉េខាងត្បូង និងជប៉ុន ជួយចេញថ្លៃពាក់កណ្ដាលលើការចំណាយ ដល់កងទ័ពអាមេរិកដែលកំពុងឈរជើងនៅក្នុងប្រទេសរបស់ពួកគេបើពុំដូច្នោះទេ ពួកគេត្រូវតែចេះរៀនការពារខ្លួនឯង ពីការវាយប្រហារណាមួយពីសត្រូវរបស់ខ្លួន៕