(វ៉ាស៊ីនតោន)៖ បន្ទាប់ពីការធ្វើបាតុកម្មដ៏កក្រើកប្រឆាំងនឹងការជោគជ័យរបស់លោក ដូណាល់ ត្រាំ បានបន្តប្រព្រឹត្តទៅអស់រយៈពេលជិតពីរសប្តាហ៍កន្លងមកនោះ ឥឡូវនេះត្រូវបានបញ្ចប់ឲ្យស្ងប់ស្ងាត់ទៅវិញជាស្ថាពរហើយក្រោមការបង្រ្កាបយ៉ាងចាស់ដៃបំផុតពីសំណាក់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដែលជិតនឹងផុតអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការចេញផ្សាយដោយ CNN នៅរសៀលថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅរយៈពេលជិតពីរសប្តាហ៍មកនេះ កងកម្លាំងការពារសន្តិសុខ និងសណ្តាប់ធ្នាប់អាមេរិកបានធ្វើការបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃទៅលើ ក្រុមបាតុកររាប់ពាន់នាក់ ដែលបានវាយ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើនរួមមាន យានជំនិះ ហាងទំនិញ និងសូម្បីតែទង់ជាតិអាមេរិកនៅតាមបណ្តាទីក្រុងនិងរដ្ឋធំៗជិត២០ នៅស្ទើរតែទូទាំងប្រទេសទាំងមូល ហើយដើម្បីជាទប់ស្កាត់អំពើអនាធិបតេយ្យដែលបានបង្កចលាចល និងអសន្តិសុខនៅក្នុងប្រទេសបែបនេះ ក្រុមប៉ូលិសដែលប្រចាំការនៅតាមតំបន់នីមួយៗ បានធ្វើការបង្រ្កាបដោយចាប់ខ្លួនមនុស្សខ្ទង់រយនាក់ និងបានប៉ះទង្គិចគ្នា ជាមួយក្រុមអ្នកតវ៉ា ឈានទៅបង្កឲ្យមានអ្នករងរបួស យ៉ាងដំណំជាច្រើននាក់ផងដែរ។
ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម និងការបង្ក្រាបបាតុកម្មនេះ មន្រ្តីអង្គការ, សង្គមស៊ីវិលមួយចំនួននៅនៅកម្ពុជាមួយចំនួនខ្លះបានលើកឡើងថា គាំទ្រការបង្រ្កាបបាតុកម្មនេះ ព្រោះមិនមានការរំលោភសិទ្ធិមនុស្សទេ ដោយសារការធ្វើបាតុកម្មនេះខុសច្បាប់ព្រោះបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងសង្គមស៊ីវិលខ្លះទៀតអះអាងថា គាំទ្រលទ្ធផលបោះឆ្នោត រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន នៅស្ងៀមតែម្តងមិនបញ្ចេញយោបល់អ្វីនោះទេ។
សូមជំរាបថា ក្រុមបាតុករទាំងអស់នោះសុទ្ធសឹងតែជាអ្នកគាំទ្រគណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមានការមិនសុខចិត្ត នឹងភាពបរាជ័យរបស់បក្សខ្លួន បានធ្វើបាតុកម្មរហូតផ្ទុះជាអំពើហិង្សាបំពានច្បាប់ ដើម្បីប្រឆាំងតវ៉ានឹងលទ្ធផលឆ្នោត ហើយក៏ត្រូវបានប៉ូលិសអាមេរិក បង្រា្កបយ៉ាងសាហាវបំផុត មិនធ្លាប់មានពីមុនមក៕