(មូស្គូ)៖ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ព្រមានចាត់វិធានការចំពោះសកម្មភាពរបស់អង្គការ NATO នៅអឺរ៉ុបខាងកើតមិនទាន់ទំាងបានមួយថ្ងៃស្រួលបួលផង ប្រព័ន្ធផ្សព្វផ្សាយជាច្រើនក្នុងទីក្រុងមូស្គូ បាននំាគ្នាចុះផ្សាយព្រោងព្រាតថា វិមានក្រឹមឡាំង មានគំរោងនឹងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល K-300P Bastion-P នៅទីក្រុង Kaliningrad ជាទឹករុស្ស៊ីដែលអាចចាត់ទុកបានថាជាបេះដូងរបស់សហភាពអឺរ៉ុប ប៉ុន្តែភ្លាមៗព័ត៌មានេះពុំទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការនៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ប្រព័ន្ធខែលការពារមីស៊ីល K-300P Bastion-P នឹងត្រូវបំពាក់ដល់កងទ័ពជើងទឹករុស្ស៊ីនៅតំបន់សមុទ្របាល់ទិច នៅក្នុងក្របខ័ណ្ឌនៃការឆ្លើយតបទៅនឹងការបង្កើនវត្តមានយោធារបស់អង្គការណាតូ នៅតាមបណ្ដាប្រទេសបាល់ទិចជាប់របងជាមួយរុស្ស៊ី។ អ្វីដែលគួរឱ្យកត់សម្គាល់ នៅចុងខែវិច្ឆិកានេះទីក្រុងឡុងដ៍ គ្រោងនឹងបញ្ជូនយោធា និងបរិក្ខាយោធាធុនធ្ងន់ទៅកាន់ប្រទេសអេស្ដូនី ខណៈបារំាងក៏បានសន្យាផងដែរថា នឹងបញ្ជូនយោធា ៣០០នាក់ និងរថក្រោះ៥គ្រឿង ឱ្យប្រទេសក្នុងតំបន់បាល់ទិចមួយនេះនៅឆ្នាំ២០១៧។
ជាងនេះទៅទៀតកាលនៅអំឡុងកិច្ចប្រជុំក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ អង្គការណាតូបានសម្រេចិត្តថានឹងបញ្ជូនអង្គភាពយោធាចំរុះជាតិសាសន៍ចំនួន០៤ មានកងកម្លាំងទ័ព ១,០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសក្នុងតំបន់បាល់ទិច ក្រោមការដឹកនាំដោយ សហរដ្ឋអាមេរិក អាល្លឺម៉ង់ កាណាដា និងអង់គ្លេស។
គួរបញ្ជាក់ថាបើតាមទីក្រុងមូស្គូ អង្គការណាតូបានបង្កើនវត្តមានយោធានៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើតដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤ មកដោយប្រើហេតុផលថា រុស្ស៊ីបានលូកដៃចូលក្នុងវិបត្តិនៅអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីផ្ទាល់បានបដិសេធម្ដងហើយម្ដងទៀត ព្រមទាំងព្រមានថាការពង្រីកឥទ្ធិពលយោធានេះ នឹងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់យ៉ាងខ្លំាងដល់សន្តិភាពដែលនឹងអាចជំរុញឱ្យទីក្រុងមូស្គូ ប្រើប្រាស់គ្រប់មធ្យោបាយរួមមានទំាងយោធាផងដែរ ជាការឆ្លើយតបនឹងការគំរាមកំហែងទំាងឡាយ៕