(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកនឹងលុបចោលនូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) (Trans-Pacific Partnership) និង បោសសម្អាតសេតវិមាន ភ្លាមៗនៅថ្ងៃដែលចូលស្បថកាន់តំណែងជា​ប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកតែម្តង ដែលទង្វើនេះវាដូចទៅនឹងអ្វីដែលលោក ត្រាំ ធ្លាប់បានសន្យា​កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលធ្លាប់រងការវាយប្រហារពីលោក សម រង្ស៊ី ថា ជាជនផ្តាច់ការ បានថ្លែងនៅក្នុងសារជាវីដេអូ រៀបរាប់អំពីការងារដែលលោកនឹងបំពេញនៅក្នុងរយៈពេល ១០០ថ្ងៃ​ដំបូង​នៅឯសេតវិមាន, ដោយលោកបាននិយាយថា «ខ្ញុំបានស្នើឲ្យក្រុមការងាររបស់ខ្ញុំ បង្កើតនូវ​បញ្ជីនៃសកម្មភាពចម្បងៗដែលពួកយើងអាចនឹង អនុវត្តន៍បាននៅថ្ងៃដឹកនាំប្រទេសដំបូងដើម្បីស្តារច្បាប់ ​និងនាំយក ការងាររបស់ប្រជាជនអាមេរិកមកវិញ ចំណែកឯរឿងវិស័យពាណិជ្ជកម្មវិញខ្ញុំ នឹងចេញដំណឹង​បញ្ជាក់ពីគោលបំណងក្នុងការលុបកិច្ចព្រមព្រៀង TPP (Trans-Pacific Partnership) ដែលប្រៀបដូចជាគ្រោះមហន្តរាយដ៏ធំធេង​ចំពោះសហរដ្ឋអាមេរិកចោល ហើយងាកមករកការចរចាលើកិច្ចព្រមព្រៀងដែលនឹងនាំយក​ការងារ​ព្រមទាំងឧស្សាហកម្មមកកាន់ទឹកដីអាមេរិកវិញ»។

គួរបញ្ជាក់ដែរថា​ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ បានសន្យាថានឹង​ការពារ​ការងាររបស់ប្រជាជនអាមេរិកប្រឆាំងនឹងកម្លាំងពលករ ដែលមានតម្លៃថោក នៅតាមបណ្តាប្រទេស​មួយចំនួនរួមមានចិន និងម៉ិកស៊ិកូជាដើម ហើយលោក ត្រាំ បានអះអាងថា អ្វីៗដែលលោកធ្វើគឺផ្អែ​កទៅលើគោលការណ៍ ស្នូលដ៏សាមញ្ញបំផុតដោយ «យកប្រជាជនអាមេរិកជាធំ»។ ដោយឡែកការដែល​លោក​ប្រុងនឹងលុបចោលនូវកិច្ចព្រមព្រៀង TTP នេះគឺជាគោលនយោបាយ មួយក្នុងចំណោមគោលដៅ០៦ ដែលលោក ដូណាល់ ត្រាំ បានសន្យាថានឹងអនុវត្តន៍ភ្លាមៗនៅពេលដែលចូលកាន់តំណែងជា ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់លោក ដូណាល់ ត្រាំ)៖