(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងមូស្គូ ពិតជាយកចិត្តទុកដាក់យ៉ាងខ្លំាង ក៏ដូចជានឹងធ្វើប្រតិកម្មតបចំពោះការពង្រីកឥទ្ធិពលយោធា នៃអង្គការ NATO ក្រោមការដឹកនាំ របស់សហរដ្ឋអាមេរិក ហើយវានឹងកាន់តែមានផលវិបាកធ្ងន់ធ្ងរនៅពេលដែល NATO និងទីក្រុងវ៉ាស៊ីនតោន ដាក់ពង្រាយយោធានៅក្បែរទីក្រុង Sebastopol ស្ថិតនៅភាគអាគ្នេយ៍តំបន់គ្រីមៀនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៦។
យោងតាមការដកស្រង់ពាក្យសម្ដីដោយទីភ្នាក់ងារសារព័ត៌មាន RIA លោក ពូទីន បានលើកឡើងថា «ហេតុអ្វីបានជាយើងត្រូវប្រតិកម្មតបនឹង ការពង្រីកឥទ្ធិពលរបស់ NATO? យើងពិតជាយកចិត្តទុកដាក់លើការសម្រេចចិត្តរបស់ NATO ដូច្នេះយើងនឹងប្រើគ្រប់មធ្យោបាយដើម្បីឆ្លើយតបរួមមានទំាង ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល ការកសាងមូលដ្ឋានទ័ពថ្មី ក្នុងករណីចាំបាច់ ឬក៏ការដាក់ពង្រាយប្រព័ន្ធវាយប្រហារថ្មីនៅតំបន់គ្រីមៀ»។
គួរបញ្ជាក់ថាបើតាមទីក្រុងមូស្គូ អង្គការ NATO បានបង្កើនវត្តមានយោធានៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើតដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤មកដោយប្រើហេតុផលថា រុស្ស៊ីបានលូកដៃចូលក្នុងជម្លោះនៅភាគខាងកើតអ៊ុយក្រែន ខណៈរុស្ស៊ីផ្ទាល់បានបដិសេធម្ដងហើយម្ដងទៀត ព្រមទាំងព្រមានថាការពង្រីកឥទ្ធិពលនេះ នឹងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ៕