(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ រថភ្លើងរអិលធ្លាក់ផ្លូវ នៅឯភាគខាងជើងនៃរដ្ឋអ៊ូតាប្រាដែស (Uttar Pradesh) កាលពីថ្ងៃអាទិត្យម្សិលមិញ បានកើនដល់ ១៤០នាក់ ខណៈមនុស្សច្រើនជាង១៥០នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅមុននេះបន្តិចនាយប់ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមអាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថា គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនេះ បានកើតឡើងនៅឯផ្លូវរថភ្លើង Indore-Patna Express នៅម៉ោងប្រមាណជា ៣៖០០នាទីទាបភ្លឺ (ម៉ោងនៅក្នុងតំបន់) នៅឯទីក្រុងកាន់ពួរ (Kanpur) នៃភាគខាងជើងរដ្ឋអ៊ូតាប្រាដែស។ តែព្រមពេលជាមួយគ្នា មូលហេតុនៃបង្ករឱ្យមានគ្រោះថ្នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។
សូមជំរាបថា គ្រោះថ្នាក់រថភ្លើងតែងតែកើតឡើងជាញឹកញាប់នៅឥណ្ឌា ជាទីដែលបរិក្ខាផ្លូវដែកមួយផ្នែកធំ ចាស់ហួសសម័យ និងមានប្រជាជនឥណ្ឌា ២៣លាននាក់ ប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរថភ្លើងក្នុងមួយថ្ងៃៗ៕