ប្រទេសអារ៉ាប៊ី សាអូឌីត ចាត់វិធានការក្តៅបំផុតលើវិស័យសុខាភិបាល! ពេលនេះ មន្ទីរពេទ្យ, គ្លីនិក, និងឱសថស្ថានចំនួន ៩០៨ ហើយត្រូវបិទទ្វារ
21-11-2016 17:14
(អារ៉ាប៊ី សាអូឌីត)៖ ក្រសួងសុខាភិបាលនៃរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានធ្វើការបិទគ្រឹះស្ថានសុខាភិបាលឯកជន ឬគ្លីនិកចំនួន ៩០៨កន្លែងពាក់ព័ន្ធនឹងរឿងរំលោភបំពានច្បាប់នៅរយៈពេល០៦ខែចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើយោងតាមសារព័ត៌មាន Al Sharq Al Awast ក្នុងប្រទេសអារ៉ាប៊ី សាអូឌីត គ្រឹះស្ថានខាងលើរួមមានមន្ទីរពេទ្យ, ឱសថស្ថាន, និងគ្លីនិក ហើយរយៈពេលនៃការបិទនេះ វាអាស្រ័យទៅលើទំហំនៃការបំពានច្បាប់របស់ពួកគេរៀងៗខ្លួនរួមមានការគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ, កង្វះខាតឧបករណ៍ពេទ្យ, គ្មានអនាម័យ, និងគ្មានសណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រងកាកសំណល់ជាដើម ខណៈស្ថាប័នទាំងអស់នោះមួយចំនួននឹងត្រូវបន្តបិទទ្វាររហូត លុះត្រាណា តែធ្វើការកែតម្រូវស្ថានភាពរបស់ខ្លួន។
គួរបញ្ជាក់ដែរថា ចំណាត់ការដ៏តឹងរ៉ឹងនេះត្រូវបានធ្វើឡើងចំពេលព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមប្រភេទធ្ងន់ «MERS» ដែលបានផ្តាច់យកជីវិតប្រជាជននៅក្នុង ដែនដីអារ៉ាប់មួយនេះអស់រាប់រយនាក់គិតចាប់តាំងពីឆ្នាំ២០១២ មក៕