(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងកំពុងតែបំផុសឲ្យរដ្ឋអំណាច និងប្រជាជនទាំងអស់របស់ខ្លួន ធ្វើការរក្សាទុក្ខឬចល័តអដ្ឋិធាតុ និងរូបថតព្រមទាំងរូបសំណាកអតីតមេដឹកនាំកំពូលលោក គីម អ៊ីលស៊ុង និងលោក គីម ជុងអ៊ីល នៅគ្រប់ទិសទីទាំងនៅក្នុង លំនៅដ្ឋាន ស្ថាប័នរដ្ឋ និងទីសាធារណៈ ទៅលាក់នៅក្នុងប្រអប់សម្ងាត់ ឬក៏រោងភ្នំដែលមានសុវត្ថិភាពបំផុត ក្នុងករណីប្រទេសកើតមានសង្គ្រាម ឬហេតុការណ៍បន្ទាន់ណាមួយ។ នេះបើតាមការផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
វិទ្យុអាស៊ីសេរីរបស់អាមេរិក (RFA) ដែលបានទទួលព័ត៌មានពីខេត្ត North Hamgyong របស់កូរ៉េខាងជើងបានឲ្យដឹងថា «ព័ត៌មានចុងក្រោយនេះ គឺមានការរៀបចំដើម្បីត្រៀមក្នុងការចល័តរូបសំណាករបស់អតីតមេដឹកនាំកំពូល ដែលមានដាក់តាំងនៅតាមបណ្តាខេត្តនានា ទៅកាន់ទីកន្លែងដែលមានសុវត្ថិភាពបំផុតក្នុងករណីប្រទេសកើតមានសង្គ្រាម ឬហេតុការណ៍បន្ទាន់ណាមួយ»។
ប្រភពព័ត៌មានខាងលើនេះបានឲ្យដឹងថា បទបញ្ជារបស់រដ្ឋខាងលើនេះគឺបានកើតមានឡើងកន្លះខែមកហើយ ដោយប្រជាជន និងរដ្ឋអំណាចថ្នាក់តំបន់ទាំងអស់ត្រូវមានតួនាទីបង្កើត ឬស្វែងរកទីតាំងដ៏ប្រសើរ និងមានសុវត្ថិភាពក្នុងការរក្សារូបថត និងរូបសំណាករបស់លោក គីម អ៊ីលសុង និងលោក គីម ជុងអ៊ីល។ ដោយឡែកប្រសិនបើរូបសំណាកនោះធំពេក អាជ្ញាធរអាចនឹងយកទៅរក្សាទុកក្នុងរូងភ្នំអាថ៌កំបាំងក្នុងករណីដូចដែលបានបញ្ជាក់ខាងលើនេះ។
គួរបញ្ជាក់ថាគ្រាន់តែមានការប្រកាសពីរដ្ឋអំណាច ទៅដល់ប្រជាជនទូទៅដូចខាងលើនេះ តម្លៃនៃគ្រឿងបរិក្ខាសម្រាប់ធ្វើការផលិតប្រអប់សម្ងាត់ ឬទីកន្លែងសុវត្ថិភាពដូចជា ជ័រកាវ, ក្រដាស, ឈើ, និងឧបករណ៍មួយចំនួនទៀត បាននិងកំពុងឡើងថ្លៃយ៉ាងខ្លាំង។ គេនៅមិនទាន់ដឹងថា តើការបំផុសបំផុលរបស់កូរ៉េខាងជើងបែបនេះ មានគោលដៅបែបណាឡើយ៕