(តៃប៉ិ)៖ កងនាវាល្បាតនៃកោះតៃវ៉ាន់បានឲ្យដឹងថា ខ្លួនគ្រោងនឹងធ្វើសមយុទ្ធជួយសង្រ្គោះតាមដែនទឹកនៅក្បែរតំបន់តែមួយគត់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កោះតៃវ៉ាន់ នៅក្នុងដែនសមុទ្រចិនខាងត្បូងដែលកំពុងមានវិវាទមិនដាច់ស្រេចនៅចុងខែវិច្ឆិកានេះ ដោយអាចនឹងមានការចូលរួមពីកងកម្លាំងជើងទឹកតៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia
នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់កងនាវាល្បាតដែនសមុទ្រតៃវ៉ាន់ សមយុទ្ធខាងលើនឹងត្រូវធ្វើឡើងនៅជុំវិញកោះ Itu Aba ដែលតៃវ៉ាន់ហៅថា Taiping ដោយនឹងរួមបញ្ចូលទាំងការហ្វឹកហ្វាត់ជួយសង្គ្រោះបុគ្គលិកនៅក្នុងហេតុការណ៍លិចកប៉ាល់ផងដែរ ខណៈព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងព្រឹត្តិការណ៍នេះនឹងត្រូវផ្សព្វផ្សាយនៅពេលក្រោយទៀត ដោយត្រឹមបង្ហើបយ៉ាងដូច្នេះថា «ខណៈពេលនេះកងទ័ពជើងទឹករបស់យើងកំពុងធ្វើការល្បាតជាប្រចាំនៅក្បែរកោះ Taiping ហើយពួកយើងមិនបដិសេធនោះឡើយ ថាកងទ័ពជើងទឹកនឹងមានវត្តមាននៅក្នុងការហ្វឹកហ្វឺនជួយសង្រ្គោះ ដែលនឹងត្រួវប្រារព្ធឡើងក្បែរកោះ Taiping»។
គួរបញ្ជាក់ជាថ្មីថា ប្រទេសចិន, ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី, និងប្រុយណេ ក៏បានធ្វើការតាមទាមទារនៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលជាតំបន់ពាណិជ្ជកម្មតាមផ្លូវទឹកមានទំហំពាណិជ្ជកម្មឆ្លងកាត់រហូតទៅដល់ប្រមាណ ៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗដូចគ្នាផងដែរ ហើយតៃវ៉ាន់បានរក្សានូវជំហររបស់ខ្លួននៅយ៉ាងឆ្ងាយពីជម្លោះក្នុងដែនសមុទ្រនេះ ជាមួយចិនក៏ដូចជាប្រទេសជិតខាងមួយចំនួនទៀតប៉ុន្តែការធ្វើសមយុទ្ធនេះគឺជាលើកទីមួយហើយ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានឡើងកាន់តំណែងកាលពីខែឧសភា កន្លងទៅនេះ៕