(ហាណូយ)៖ ក្រសួងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ប្រទេសអាស៊ានមួយនេះទំនងជានឹងមិនអាចឈានដល់នូវវត្ថុបំណងរបស់ខ្លួន ដែលចង់សម្រេចឱ្យបានកំណើន ១០ភាគរយនៃការនាំចេញនៅឆ្នាំ២០១៦។ នេះតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជុំវិញការរំពឹងទុកនេះដែរ រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានគូសបញ្ជាក់ថា គិតត្រឹម១០ខែដំបូងក្នុងឆ្នាំ២០១៦ ការនាំចេញសរុបរបស់វៀតណាមមានទំហំ១៤៣.៩ពាន់លានដុល្លារ ឬកើនឡើង៧ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៥ ស្របពេលដែលវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលកំណើននាំចេញ ៧.៩ភាគរយ ឬស្មើនឹង ១៨.៣ពាន់លានដុល្លារ បន្ទាប់ពីធ្លាប់បានថយចុះអស់ ៩.៧ភាគរយកាលពីឆ្នាំ២០១៥។
ទោះជាយ៉ាងនេះក្ដីលោក Tran Tuan Anh វាយតម្លៃថា វៀតណាមទំនងជានឹងមិនអាចឈានដល់នូវ វត្ថុបំណងរបស់ខ្លួន ដែលចង់សម្រេចឱ្យបានកំណើន ១០ភាគរយ នៃការវិស័យនាំចេញនៅឆ្នាំ២០១៦ នេះទេ ដោយសារតែអស្ថេរភាពនយោបាយនៃទីផ្សារនាំចេញ ដែលកំពុងមានការប្រកួតប្រជែងខ្លំាង ខណៈតម្រូវការ និងតម្លៃកំពុងមានការថយចុះ៕