(ឡុងដ៍)៖ ក្រុមហ៊ុននៃបណ្តាញទំនាក់ទំនងសង្គម Facebook បានប្រកាសថា ខ្លួននឹងបង្កើនចំនួនបុគ្គលិកនៅក្នុងចក្រភពអង់គ្លេសឱ្យបាន ៥០ភាគរយនៅពេលបើកទីស្នាក់ការកណ្ដាលថ្មី ប្រចំាទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនៅឆ្នាំ២០១៧។ នេះបើតាមការចុះផ្សាយរបស់សាព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជាមួយគ្នានោះដែរនាយកប្រតិបត្តិ Facebook ប្រចាំទីក្រុងឡុងដ៏ លោកស្រី Nicola Mendelsohn បានឱ្យដឹងថា ក្រុមហ៊ុននឹងបង្កើនចំនួនបុគ្គលិក៥០% ឬស្មើនឹង ៥០០នាក់បន្ថែមក្នុងនោះរួមមានទាំង វិស្វករ អ្នកទីផ្សារ អ្នកគ្រប់គ្រងគំរោង និងបុគ្គលិកផ្នែកលក់។ លោកស្រីបន្តថា អង់គ្លេសនៅតែជាទីកន្លែងដ៏ល្អសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ហើយទីស្នាក់ការកណ្ដាលថ្មីនឹងត្រូវសម្ពោធនៅឯសង្កាត់ Fitzrovia ក្នុងទីក្រុងឡុងដ៍។
គួរបញ្ជាក់ថាការប្រកាសបង្កើនចំនួនបុគ្គលិករបស់ Facebook ធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ នៅបន្ទាប់ពីក្រុមហ៊ុន Google ប្រកាសវិនិយោគប្រាក់ជាង ១ពាន់លានផោន លើទីស្នាក់ការកណ្ដាលថ្មី ក្នុងទីក្រុងឡុងដ៍ដោយនឹងបង្កើតការងារថ្មី ៣,០០០កន្លែងនៅឆ្នាំ២០២០៕