(ប៉េកាំង)៖ សាខាក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានប្រកាសថានឹងធ្វើការផ្លាស់ប្តូរថ្មដល់អតិថិជនទូរស័ព្ទដៃ iPhone ម៉ូដែលមួយចំនួនដែលបានរលត់ភ្លាមៗដោយមិនដឹងមូលហេតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
អតិថិជនចិននៅទូទាំងប្រទេសបានបង្ហាញពីការត្អូញត្អែរ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Weibo ថាទូរស័ព្ទដៃ iPhone 6s របស់ពួកគេនៅសុខៗស្រាប់តែរលត់បិទភ្លាមៗ ទោះបីជាថ្មទូរស័ព្ទនៅសល់ដល់ទៅ ៥០ភាគរយក៏ដោយ ហើយនៅដើមសប្តាហ៍មុននេះ សមាគមអ្នកប្រើប្រាស់ចិន «China Consumer Association» បានផ្ញើលិខិតទៅកាន់ក្រុមហ៊ុន Apple ដើម្បីទាមទារឲ្យមានបញ្ជាក់អំពីបញ្ហានេះជាផ្លូវការ។
មកដល់ព្រឹកថ្ងៃចន្ទសប្តាហ៍ថ្មីនេះ សាខាក្រុមហ៊ុនសញ្ញាផ្លែប៉ោមនៅប្រទេសចិន បានយល់ព្រមធ្វើការផ្លាស់ប្តូរថ្មថ្មីដោយឥតគិតថ្លៃ ចំពោះទូរស័ព្ទដៃ iPhone 6s ដែលត្រូវបានផលិតឡើងនៅចន្លោះខែកញ្ញានិងខែតុលា ឆ្នាំ២០១៥ ប៉ុន្តែ iPhone ម៉ូដែលផ្សេងទៀត ដែលជួបបញ្ហាដូចគ្នានោះ មិនត្រូវបានរាប់បញ្ចូលនៅក្នុងគំរោងផ្លាស់ប្តូរបច្ចុប្បន្ននេះឡើយ។ យ៉ាងណាក៏ដោយក្រុមហ៊ុន Apple សាខាប្រទេសចិន មិនបានបញ្ជាក់ថាដោយសារថ្មមានបញ្ហា ឬក៏មកពីទូរស័ព្ទមានបញ្ហាអ្វីឲ្យប្រាកដនោះឡើយ៕