(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស្ថិតិអាមេរិក Brennan Center for Justice បានឱ្យដឹងថា ប៉ូលិសអាមេរិកបាន ចំណាយប្រាក់មិនតិចជាង ៤,៧៥លានដុល្លារនោះទេ ដើម្បីតម្លើងឧបករណ៍តាមដានលើបណ្ដាញទំនាក់ទំនងសង្គមនានា ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេតលើបទឧក្រិដ្ឋសំខាន់ៗនៅចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៦។
ទីភ្នាក់ងារស្ថិតិដដែលបានបញ្ជាក់ដែរថា ការស្រាវជ្រាវរបស់ខ្លួននៅតាមទីក្រុង ឬតំបន់ជាយក្រុងជាង ១៥១ទីតាំង បានបង្ហាញថា កងកម្លំាងរក្សាសណ្ដាប់ធ្នាប់បានចំណាយប្រាក់ច្រើនជាង ១០,០០០ដុល្លារ ក្នុងទីក្រុងនីមួយៗ ដើម្បីបំពាក់ឧបករណ៍តាមដានលើបណ្ដាញទំនាក់ទំនងសង្គម ពោលគិតជាសរុបប៉ូលិសអាមេរិកបានចាយប្រាក់ ៤,៧៥លានដុល្លារ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ដល់ក្រុមហ៊ុនឯកទេសជាច្រើនក្នុងការអនុវត្តកិច្ចការនេះ រួមមានក្រុមហ៊ុន Geofeedia, Media Sonar, Snaptrends, Dataminr, Digital Stakeout, PATHAR, Meltwater និងក្រុមហ៊ុន Babel Street។
គួរបញ្ជាក់ថាបើតាមនាយក Brennan Center for Justice លោកស្រី Faiza Patel ក្រុមហ៊ុនទំាងនេះបានសហការជាមួយនឹងប៉ូលិសអាមេរិក ដើម្បីតាមដានសារ ឬការបង្ហោះព័ត៌មានដែលអាចកំណត់ពីទំនាក់ទំនងនៃកិច្ចសន្ទនារបស់អ្នកប្រើប្រាស់ ដោយក្នុងនោះនៅករណីមានសារឬព័ត៌មានណាមួយ ប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក ឧបករណ៍តាមដាននឹងបញ្ជូនសញ្ញាទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕