(វ៉ាស៊ីនតោន)៖ អតីតឯគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាតិលោក John Bolton ដែលទំនងនឹងក្លាយជារដ្ឋមន្រ្តីការបរទេសនៅក្នុងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ផងដែរនោះ បាននិយាយបែបចំអកថា ប្រទេសកូរ៉េខាងជើងនឹងសប្បាយចិត្តខ្លាំង ប្រសិនបើលោកបានកាន់តំណែងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសថ្មីរបស់សហរដ្ឋអាមេរិកមែននោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយុនហ៉ាប់នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក John Bolton ដែលគេស្គាល់ហើយថាជាបុគ្គដែលទស្សនៈតឹងរឹងបំផុតទៅលើប្រទេស អ៊ីរ៉ង់និងកូរ៉េខាងជើងនោះ បានធ្វើការថ្លែងបែបកំប្លែងលេងអំពីការស្អប់ យ៉ាងជ្រាលជ្រៅរបស់ប្រទេសកូរ៉េខាងជើងចំពោះលោក នៅចុងបញ្ចប់នៃបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Fox News អំពីស្ថានការណ៍ដ៏គ្រោះថ្នាក់បំផុតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ដោយនៅពេលដែលលោក Eric Shawn អ្នកអត្ថាធិប្បាយព័ត៌មានបានជូនពរថ្ងៃកំណើតរបស់លោក Bolton និងបាននិយាយថា លោកនឹងអាចទទួលបានតំណែងរបស់រដ្ឋមន្រ្តីការបរទេសរបស់លោក ត្រាំ ជាការដូខួបកំណើតនោះ លោក Bolton បានតបទៅវិញថា «ខ្ញុំប្រាកដណាស់ថាប្រទេសកូរ៉េខាងជើងច្បាស់ជានឹងសប្បាយចិត្តដូចគ្នា» ។
គួរបញ្ជាក់ថា លោក John Bolton តែងតែបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង ហើយនិងលោក គីម ជុងអ៊ីល ដែលជាឪពុក របស់ប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើងសព្វថ្ងៃលោក គីម ជុនអ៊ុន ហើយលោក Bolton ក៏ធ្លាប់បានអំពាវនាវឲ្យមានការផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសកុម្មុយនិស្តដ៏ឯកោមួយនេះផងដែរ។
ជាការឆ្លើយតបទៅវិញទីក្រុងព្យុងយ៉ាងបានហៅលោកជា «កម្ទេចមនុស្សគ្មានដឹងហេតុផល», «ជាបុគ្គលដែលគួរឲ្យស្អប់ខ្ពើម និងមិនអាចចាត់ទុកជាមនុស្សម្នាក់បានលើយ», និង «ជាបិសាចជញ្ជក់ឈាម» ជាដើម ហើយការដែលលោក John Bolton អាចនឹងក្លាយជារដ្ឋមន្រ្តីការបរទេសអាមេរិកថ្មីនេះ បានបង្កឲ្យមានជាក្តីព្រួយបារម្ភខ្លាចក្រែងនយោបាយអាមេរិកចំពោះកូរ៉េខាងជើង នឹងមានទំនោរទៅរកសង្រ្គាម៕