(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអះអាងឡើងវិញពីការចូលរួមរបស់ប្រទេសទំាងពីរ សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដែលការលើកឡើងនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីមួយនៃឱកាសចូលរួមកិច្ចប្រជុំកំពូល APEC នៅឯទីក្រុងលីម៉ា ប្រទេសប៉េរូ នៅថ្ងៃអាទិត្យ។ នេះបើតាមការឱ្យដឹងពីសេតវិមានដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបាននិយាយថា «ប្រធានាធិបតីទាំងពីរបានអះអាងជាថ្មីម្ដង ទៀតពីកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េប្រឈមមុខនឹងការគំរាមកំហែងពី សំណាក់កូរ៉េខាងជើងដែលបាន និងកំពុងជឿនលឿនទៅមុខក្នុងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីល ផ្លោង»។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្ដីក្រុមអ្នកជំនាញភាគច្រើននៅតែយល់ថា ចិនមិនមានគោលបំណង ពិតប្រាកដដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ឱ្យបោះបង់ចោលអាវុធនុយក្លេអ៊ែនោះទេ បើទោះបីជាទីក្រុងប៉េកាំង បានដាក់ទណ្ឌកម្មមួយចំនួនលើទីក្រុងព្យុងយ៉ាងក៏ដោយ ក៏ប៉ុន្តែវាគ្រាន់តែជាការបង្រ្គប់កិច្ច ដើម្បីបញ្ជៀសការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀតសម្រាប់ប្រទេសចិន ក៏មិនចង់ឃើញរបបដឹកនាំលោក គីម ជុងអ៊ុន ដួលរលំនោះដែរ ហើយក៏មិនចង់ឃើញកូរ៉េខាងជើងបង្ករឿង ត្បិតវាអាចជាឱកាសមួយឱ្យសហរដ្ឋអាមេរិកពង្រីកឥទ្ធិពលយោធានៅក្នុងតំបន់ ជាក់ស្ដែងដោយសារតែការធ្វើការសាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងជាបន្តបន្ទាប់ បានជំរុញឱ្យទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន សម្រេចថា នឹងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD លើទឹកដីកូរ៉េខាងត្បូង ដែលនេះជាក្ដីកង្វល់ ដ៏ធំសម្រាប់ចិន ព្រោះថានេះវាប្រៀបដូចជាសហរដ្ឋអាមេរិក ដាក់ទ័ពនៅមាត់ទ្វារផ្ទះរបស់ចិនអីចឹង។
គួរបញ្ជាក់ថាជំនួបរបស់លោក បារ៉ាក់ អូបាម៉ា ជាមួយនិងលោក ស៊ី ជិនពីង គឺជាជំនួបលើកចុងក្រោយក្នុងនាមជាប្រធានាធិបតីអាមេរិក មុននឹងលោកបញ្ចប់អាណត្តិ នៅខែមករា ឆ្នាំ២០១៦៕