(យ៉ាងហ្គូន)៖ អាជ្ញាធរមីយ៉ាន់ម៉ាបានរាយការណ៍ថា គ្រាប់បែកដែលគេសង្ស័យថាផលិតដោយដៃចំនួនបីគ្រាប់បានផ្ទុះនៅឯផ្សារទំនើបមួយកន្លែងស្ថិតនៅភាគខាងត្បូងទីក្រុងរ៉ង់ហ្គូន ប៉ុន្តែមិនបានបណ្ដាលឱ្យមានជនរងគ្រោះណាម្នាក់នោះទេ។ នេះបើតាមមន្ត្រីនៅក្នុងតំបន់ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
មន្ត្រីនៅក្នុងតំបន់ លោក Naing Ngan Linn បានប្រាប់ទីភ្នាក់សារព័ត៌មានបារាំង AFP ថា «គ្មាននរណាម្នាក់បានទទួលរងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកចំនួនបីគ្រាប់ នៅល្ងាចនេះទេ ហើយបើតាមកងកម្លំាងសន្តិសុខ គ្រាប់បែកទាំងនេះគឺផលិតឡើងដោយដៃ ព្រមទាំងត្រូវបានគេបំផ្ទុះនៅរយៈពេលតែជាងពីរម៉ោងប៉ុណ្ណោះ បន្ទាប់ពីជនស៊ីវិលពីរនាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នានៅឯតំបន់ព្រំដែនមីយ៉ាន់ម៉ា-ចិន ដែលសម្បូរទៅដោយក្រុមឧទ្ទាមជនជាតិដើមភាគតិច»។
គួរបញ្ជាក់ថាក្រុមឧទ្ទាមសម្ព័ន្ធយោធាជាតិនៃប្រជាធិបតេយ្យ តាមរយៈអ្នកនាំពាក្យរបស់ខ្លួនបានបដិសេធថា ពួកគេមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារបំផ្ទុះគ្រាប់បែកនេះទេ ដោយអះអាងថា «ពួកយើងជាមនុស្សប្រុស យើងធ្វើការប្រយុទ្ធដោយបើកជំហរ»៕