Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមរដ្ឋអាជ្ញា អះអាងថា ប្រធានាធិបតីកូរ៉េខាងត្បូង ជាប់សង្ស័យបានលូកដៃចូលក្នុងរឿងពុករលួយរបស់ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល

20-11-2016 14:39

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវបានគេដាក់ការសង្ស័យថាបានលូកដៃចូលទៅក្នុងសំណុំរឿងពុករលួយជាប់ពាក់ព័ន្ធ នឹងស្រ្តីឈ្មោះឆយ ស៊ូនស៊ីល ដែលជាមិត្តដ៏ជិតស្និតម្នាក់របស់ លោកស្រី។ នេះបើតាមការឱ្យដឹងពីក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។​

ក្រុមរដ្ឋអាជ្ញាពិសេស ដែលបានបើកការស៊ើបអង្កេតលើរឿងអាស្រូវ ឆយ ស៊ូនស៊ីល អស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ បានប្រកាសថា យោងតាមលទ្ធផល នៃការស៊ើបអង្កេតបឋម លោកស្រី ផាក គឺនហេ ត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋជនម្នាក់ស្ថិតនៅក្រោមការសង្ស័យ នៅក្នុងការស៊ើបអង្កេត។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុម រដ្ឋអាជ្ញា បានបញ្ជាក់ដែរថា លោកស្រីផាក នឹងមិនអាចត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយឡើយ ព្រោះថាលោកស្រីត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដែលចែងមិនឱ្យធ្វើការចោទប្រកាន់លើប្រធានាធិបតីកំពុង កាន់អំណាច។

សូមជំរាបថា នៅក្នុងរឿងអាស្រូវឆយ ស៊ូនស៊ីល អតីតទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង លោក អាន់ ជុងប៊ុម ត្រូវបានគេចោទប្រកាន់ថា បានសហការ ជាមួយស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល ក្នុងការបង្វិលថវិការរាប់លានដុល្លារ ខណៈអតីតទីប្រឹក្សាម្នាក់ទៀត គឺលោក ជុង ហូសឹង ក៏ស្ថិតនៅក្រោមដំណើរការ ក្ដីផងដែរ ជុំវិញការផ្ដល់ ឯកសាររដ្ឋាភិបាល និងប្រធានាធិបតី ឱ្យមិត្តភក្តិដ៏ជិតស្និតរបស់លោកស្រីផាក។ អ្នកទាំងពីរបានលាលែងពីមុខតំណែងក្រោយរឿងអាស្រូវផ្ទុះឡើង៕