(កាប៊ុល)៖ ពួកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ចំនួន០៨នាក់ ដោយក្នុងចំណោមនោះមានមេបញ្ជាការម្នាក់ផងដែរ បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីយន្តហោះគ្មានអ្នកបើកបរមួយគ្រឿងបានវាយប្រហារតាមផ្លូវអាកាសមកលើទីតាំងសំងំលាក់ខ្លួនរបស់ពួកគេ នៅឯសង្កាត់ Kot នៃខេត្ត Nangarhar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមសម្តីអ្នកនាំពាក្យអាជ្ញាធរក្នុងតំបន់លោក Attaullah Khogiani ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Attuallah Khogiani បានអះអាងថា មេដឹកនាំកំពូលមួយរូបរបស់ក្រុម ISIS លោក Mullah Bozorg ត្រូវបានសម្លាប់រួមជាមួយនឹងអ្នកប្រយុទ្ធរបស់ខ្លួនចំនួន០៧នាក់ទៀត នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានអ្នកបើកបរ (Drone) របស់កងទ័ពសហរដ្ឋអាមេរិក ហើយអាវុធ គ្រាប់កាំភ្លើង និងគ្រាប់បែកមួយចំនួនទៀតដែលជារបស់ពួកស្មោះស្ម័គ្រនឹងក្រុមភេរវករនេះ ក៏ត្រូវបានកម្ទេចទៅជាមួយគ្នាផងដែរ។ ដោយឡែកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ពុំទាន់បានចេញមុខអធិប្បាយ ចំពោះសេចក្តីរាយការណ៍នេះនៅឡើយទេ។
គួរបញ្ជាក់ដែរថា កងកម្លាំងអាហ្វហ្គានីស្ថាននិងអាមេរិក តែងតែបានធ្វើការវាយប្រហារតាមផ្លូវអាកាសប្រឆាំងទៅលើពួកក្រុមភេរវករ ISIS នៅក្នុងខេត្តខាងលើ ដោយនៅពេលថ្មីៗនេះការវាយលុកភាគច្រើនត្រូវបានប្រព្រឹត្តទៅតាមរយៈយន្តហោះ Drone របស់សហរដ្ឋអាមេរិកដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕