(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានអញ្ជើញទៅដល់រដ្ឋធានីលីម៉ា នៃប្រទេសប៉េរូហើយដើម្បី​ចូលរួមកិច្ចប្រជុំ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ដែលជាកិច្ចប្រជុំលំ​ដាប់អន្តរជាតិ​ចុងក្រោយ​បង្អស់របស់​លោកប្រធានាធិបតី។ នេះបើតាមការចេញផ្សាយ​​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះបន្តិចនា​រសៀលថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា នៅមុនពេលចាកចេញពីសេតវិមាននៅខែមករាឆ្នាំក្រោយ លោក បារ៉ាក់ អូបាម៉ា ត្រូវបានគេរំពឹងថា លោកនឹងឆ្លៀតឱកាសបើកកិច្ចពិភាក្សាទ្វេភាគីជាមួយមេដឹកនាំបណ្តាប្រទេសមួយចំនួន នៅក្នុងទីក្រុងលីម៉ា ខណៈប្រធានាធិបតីអាមេរិកដែលជិតផុតអាណត្តិរូបនេះ ទំនងជានឹងជួបសន្ទនា​ក្រៅផ្លូវការជាមួយប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងសប្តាហ៍នេះ ប៉ុន្តែគេមិនទាន់ដឹងនឹងពិភាក្សារឿងអ្វីនោះឡើយ។

សម្រាប់បញ្ហាធំៗដែលរដ្ឋបាលលោក អូបាម៉ា បន្សល់ទុកសម្រាប់ប្រធានាធិបតីអាមេរិកថ្មី ដែលទើបជាប់​ឆ្នោតគឺលោក ដូណាល់ ត្រាំ នោះមានដូចជា វិបត្តិសង្គ្រាមនៅស៊ីរី, វិបត្តិជនភៀសខ្លួនទាំងក្នុង និងក្រៅ​ប្រទេស, វិបត្តិនៅភាគខាងកើតអ៊ុយក្រែន, និង ទំនាក់ទំនងប្រេះស្រាំរបស់អាមេរិក​ជាមួយនឹងបណ្តា​ប្រទេស​មួយចំនួននៅ​លើសកលលោក៕