(មូស្គូ)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន នៅថ្ងៃសុក្រនេះទទួលបានមេដាយកិត្តិយស «Legion of Honor» ដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រធានាធិបតីបារាំងលោក ហ្រ្វង់ស័រ ហូឡង់ សម្រាប់ការចូលរួមចំណែករបស់ប្រមុខដឹកនាំ UN រូបនេះក្នុងការដោះស្រាយបញ្ហាបប្រែបម្រួលអាកាសធាតុនៃភពផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ពិធីនៃការបំពាក់មេដាយកិត្តិយសនេះត្រូវបានប្រារព្ធឡើងក្នុងអំឡុង សន្និសីទលើកទី២២ ស្តីអំពីការប្រែប្រួលអាកាសធាតុពិភពលោកនៅឯទីក្រុង Marrakech ប្រទេស Morocco ដោយលោក ហ្រ្វង់ស័រ ហូឡង់ បានថ្លែងថាការផ្តល់ជូននូវមេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់ «Legion of Honor» បានបង្ហាញពីការពេញចិត្តរបស់បារាំង ចំពោះសកម្មភាពនានារបស់លោក បាន គីមូន នៅក្នុងឋានៈជាប្រមុខដឹកនាំនៃអង្គការសហប្រជាជាតិ ដែលជាពិសេសនោះគឺចំពោះការចូលរួមចំណែករបស់លោក នៅក្នុងការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសំដៅដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
នៅក្នុងឱកាសនោះដែរ លោកប្រធានាធិបតីនៃប្រទេសបារាំង ក៏បានលើកឡើងនូវកិច្ចខិតខំប្រឹងប្រែងរបស់លោក បាន គីមូន ដើម្បីរក្សាសន្តិភាព និងលើកកម្ពស់កិច្ចពិភាក្សារវាងប្រជាជាតិនានានៅជុំវិញពិភពលោកផងដែរ។ ចំណែកឯអគ្គលេខាធិការរបស់ UN ដែលជិតផុតអាណត្តិរូបនេះបាននិយាយថាការទទួលបានមេដាយកិត្តិយសនេះ មិនមែនសម្រាប់រូបលោកផ្ទាល់តែម្នាក់ឯងនោះឡើយ គឺវាសម្រាប់អង្គការសហប្រជាជាតិទាំងមូលហើយលោកពិតមានកិត្តិយស និងប្រកបទៅដោយមោទនភាពជាខ្លាំង។
គួរបញ្ជាក់ថាលោក បាន គីមូន បានកាន់តំណែងជាអគ្គលេខាធិការ ឬអាចហៅម៉្យាងទៀតបានថាជា ប្រមុខដឹកនាំនៃអង្គការសហប្រជាជាតិ (UN) អស់រយៈពេល១០ឆ្នាំ ដោយពោលគឺពីរអាណត្តិមកហើយ ហើយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ លោកនឹងត្រូវជំនួសតំណែងដោយអតីតនាយករដ្ឋមន្រ្តីនៃប្រទេសព័រទុយហ្គាល់លោក Antonio Guterres៕