(គូឡាឡាំពួរ)៖ បាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា​ដើរដង្ហែរក្បួន​នៅក្នុងរដ្ឋធានី​គូឡាឡាំពួរ​នៅថ្ងៃសៅរ៍នេះ ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តីនៃ​ប្រទេសម៉ាឡេ​ស៊ីលោក Najib Razak ចុះចេញពីតំណែង ដោយសារតែមាន​ការចោទប្រកាន់ពាក់​ព័ន្ធនឹង រឿងអាស្រូវនៃការកេង​ចំណេញលុយ​រាប់​ពាន់លានដុល្លារ។ នេះបើតាមការចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន Retuers នៅមុននេះបន្តិច​​នារសៀលថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Shahrul Aman Shaari អនុប្រធានរៀបចំការធ្វើបាតុកម្មទ្រង់ធំនេះ​បាននិយាយទៅកាន់​ក្រុមអ្នកតវ៉ាថា «ពួកយើងមិនមានធ្វើបែបនេះ​ដើម្បីផ្តួលរំលំ​ប្រទេសទាំង​មូលនោះឡើយ ត្បិតពួកយើង​ស្រឡាញ់ប្រទេសនេះ​ខ្លាំងណាស់ ហើយពួកយើងក៏​មិនមែនមកប្រមូលផ្តុំគ្នា​នៅទីនេះ ដើម្បីតែទម្លាក់​រដ្ឋាភិបាលដែរ ប៉ុន្តែដើម្បីធ្វើឲ្យវាមា​ន​ភាពរឹងមាំឡើងវិញ ដោយសារ​ប្រទេសម៉ា​ឡេស៊ី​សព្វថ្ងៃនេះកំពុង​ស្ថិតក្រោមការដឹក​នាំរបស់ជន​បោកប្រាស់​មិនស្មោះត្រង់»

យ៉ាងណាមិញការធ្វើបាតុកម្មតវ៉ានេះទំនងជានឹង មិនធ្វើឲ្យតំណែងជា​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​របស់លោក Najib Razak ដែលបានបដិសេធ​ចំពោះកំហុសចោទ​ប្រកាន់អ្វីទាំងអស់នោះ មានភាពរង្គោះ​រង្គើ​បាន​ឡើយហើយលោក Najib បានចាត់ទុកទង្វើនេះថាជា «ឧបករណ៍របស់គណបក្សប្រឆាំង» និងចោទថា​ចលនាមួយនេះគឺពោរពេញទៅដោយល្បិចកល ព្រោះថាបាតុករទាំងនោះ​ការពិតទៅសុទ្ធតែជាពួកក្រុម​ប្រឆាំង​​ដែលបន្លំខ្លួនជាអង្គការឯករាជ្យ​ក្រៅរដ្ឋាភិបាល ដើម្បីបណ្តេញមន្រ្តីរដ្ឋាភិបាល​ដែលជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ស្របច្បាប់។

គួរបញ្ជាក់ដែរថា នៅមុនការធ្វើបាតុកម្ម​ដ៏ធំនេះបានប្រព្រឹត្តទៅ ប៉ូលិសម៉ាឡេស៊ីក៏បានធ្វើការចាប់​ខ្លួន​មនុស្សជាង១០នាក់​ផងដែរ ដែលសុទ្ធសឹងតែជាមេខ្លោង​បំផុសបំផុល​ឲ្យមានចលាចលនេះ៕