(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកបានអនុញ្ញាតការលក់ជាកញ្ចប់នៃយន្តហោះចម្បាំងទំនើប F-15 ដែលរួមបញ្ចូលទាំងយន្តហោះចំនួន ៧២គ្រឿង និងការហ្វឹកហ្វឺនបំពាក់បំប៉នក៏ដូចជាសម្ភារៈយោធាមួយចំនួនទៀតក្នុងតម្លៃប្រមាណ ២១.១ពាន់លានដុល្លារទៅឲ្យប្រទេសកាតា។ នេះបើតាមទីភ្នាក់ងារនៃកិច្ចសហប្រតិបត្តិការសន្តិសុខជាតិអាមេរិក ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់សិទ្ធិអនុញ្ញាតនៃការលក់យន្តហោះ F-15QA រួមជាមួយសព្វាវុធនិងការហ្វឹកហ្វាត់ផ្សេងៗទៀតក្នុងតម្លៃប្រហែល ២១.១ពាន់លានដុល្លារ ហើយការលក់នេះនឹងជួយពង្រឹងសន្តិសុខជាតិនៃសហរដ្ឋអាមេរិកផ្ទាល់ តាមរយៈការជួយបង្កើនសន្តិសុខរបស់ប្រទេសដ៏ទៃទៀត។
គួរបញ្ជាក់ថាប្រទេសកាតាគឺជាប្រជាជាតិដ៏ស្តុកស្តមមួយនៅឈូងសមុទ្រពែក និងបានចូលរួមក្នុងសង្រ្គាមផ្លូវអាកាសដែលដឹកនាំដោយព្រះរាជាណាចក្រ អារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសក្បែរខាងរបស់ខ្លួន ដើម្បីប្រយុទ្ធតទល់ជាមួយនឹងពួកឧទ្ទាម Shia Houthi នៅក្នុងប្រទេសយេម៉ែន៕