(វ៉ាស៊ីតោន)៖ អនាគតប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះបាន​សម្រេចតែងតាំងសមាជិកព្រឹទ្ធសភាលោក Jeff Sessions ឲ្យធ្វើជាអគ្គរដ្ឋអាជ្ញា ខណៈលោកឧត្តម​សេនីយ៍ឯក Michael Flynn នឹងកាន់តំណែងជាទីប្រឹក្សា​សន្តិសុខជាតិ ហើយតំណែងជាប្រធានទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ជាតិ CIA នឹងបានទៅលើសមាជិក​សភាលោក Mike Pempeo។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Jeff Sessions វ័យ៦៩ឆ្នាំមានតួនាទីជាមេធាវីអាមេរិក​មួយរូបនៅក្នុងរដ្ឋ Alabama នៅមុនពេលដែលលោកក្លាយខ្លួនជាសមាជិកព្រឹទ្ធ​សភាកាលពីឆ្នាំ១៩៩៦ ហើយរូបលោកត្រូវបានគេចាត់​ទុក​ជាបុគ្គលមួយរូបនៅក្នុង​ចំណោមសមាជិក ដែលមានទំនោរអភិរក្សនិយមបំផុត​របស់សហរដ្ឋអាមេរិក។

រីឯលោក Michael Flynn វ័យ៥៧ឆ្នាំ គឺជាបុគ្គលកលេចធ្លោមួយ​រូបនៅក្នុងជួរយោធាអាមេរិក ដែលជាអ្នកបានធ្វើការជួយជ្រោមជ្រែងយុទ្ធនា​ការឃោសនាបោះ​ឆ្នោតរបស់លោក ដូណាល់ ត្រាំ ផងដែរ ហើយមួយវិញទៀតលោក Flynn ធ្លាប់បានធ្វើជានាយកទីភ្នាក់ងារ​ការពារព័ត៌មានសម្ងាត់​ជាតិអាមេរិក​ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។

ខណៈលោក Mike Pempeo វិញដែលកំពុងស្ថិតក្នុងវ័យ៥២ឆ្នាំ បានបំពេញតួនាទីជា​អ្នកតំណាងរាស្រ្តរដ្ឋ Kansas តាំងពីឆ្នាំ២០១១ មកហើយលោក​ជាអ្នកដំបូងគេ​មួយរូបដែលគាំទ្រលោក ដូណាល់ ត្រាំ ក្នុងការឈរឈ្មោះ​ជាបេក្ខភាពប្រធានាធិបតី និងជាសមាជិករបស់ចលនា «Tea Party» នៅសភាជាតិផងដែរ។

គួរបញ្ជាក់ថាចាប់តាំងពីលោក ដូណាល់ ត្រាំបានទទួលជ័យជម្នះដ៏គួរ​ឲ្យភ្ញាក់ផ្អើលនៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិកកាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅនេះ​ គឺជាលើទីពីរហើយ​ដែលលោក​​បានធ្វើការប្រកាសជ្រើសរើស​មន្រ្តីសម្រាប់​រដ្ឋបាលថ្មីរបស់លោក បន្ទាប់ពីបានតែងតាំង​លោក Reince Priebus ជាប្រធានាគ្រប់គ្រង​កិច្ចការសេតវិមាន និងលោក Stephen Bannon ធ្វើជាទីប្រឹក្សាជាន់ខ្ពស់​របស់ប្រធានាធិបតី។ ប៉ុន្តែយ៉ាងណាមិញតំណែងសំខាន់ៗ​ផ្សេងទៀតដូចជារដ្ឋមន្រ្តី​ការពារជាតិ ក៏ដូចជារដ្ឋមន្រ្តីការបរទេស​ពុំត្រូវបានបំពេញនៅឡើយ៕