(សេអ៊ូល)៖ អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូងបានធ្វើការជំទាស់ ចំពោះសំណើរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញនៅលើពិភពលោក Google ក្នុងការប្រើប្រាស់ព័ត៌មាននៃទីតាំងភូមិសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូង នៅលើម៉ាស៊ីនផ្ទុកទិន្នន័យមេ (Servers) នៅឯក្រៅប្រទេស ដោយសារតែមានការព្រួយបារម្ភពីបញ្ហាសន្តិសុខជាមួយនឹងកូរ៉េខាងជើង។ នេះបើតាមការសេចក្តីថ្លែងការណ៍របស់ក្រសួងដែនដីនិងដឹកជញ្ជូនកូរ៉េខាងត្បូង ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមហ៊ុន Google បានអះអាងថាខ្លួនត្រូវការសិទ្ធិប្រើប្រាស់ទិន្ន័យទាំងនោះនៅលើម៉ាស៊ីន Servers ដ៏ទៃទៀតនៅជុំវិញពិភពលោក ទើបអាចដាក់ឲ្យដំណើរការនូវសេវាកម្មដែលប្រាប់ពីគោលដៅធ្វើដំណើរនៅក្នុងប្រទេសកូរ៉េខាងត្បូងបាន។ យ៉ាងណាមិញឆ្លើយតបទៅនឹងការបដិសេធនេះ អ្នកនាំពាក្យក្រុមហ៊ុន Google លោក Taj Meadows បានថ្លែងថា «ពួកយើងមានការខកបំណងជាខ្លាំងចំពោះការសម្រេចចិត្តនេះ» ប៉ុន្តែលោក Meadows បានបញ្ជាក់ថាក្រុមហ៊ុនដ៏ធំរបស់អាមេរិកមួយនេះ នៅតែបន្តក្តីសង្ឃឹមរបស់ខ្លួនជានិច្ចថានឹងអាចផ្តល់ជូនប្រជាជនកូរ៉េខាងត្បូងទាំងអស់នូវសេវាកម្មផែនទី «Google Maps» យ៉ាងល្អឥតខ្ចោះនាពេលអនាគត។
ដោយឡែកមន្រ្តីតំណាងក្រសួងដែនដី និងដឹកជញ្ជូនកូរ៉េខាងត្បូងបានឲ្យដឹងថារដ្ឋាភិបាលរបស់ខ្លួន អាចផ្តល់សិទ្ធិអនុញ្ញាតនេះឲ្យ Google ប្រសិនបើរូបភាពនៃទីតាំងមូលដ្ឋានយោធាសំខាន់ៗត្រូវបានលុបចេញឬធ្វើឲ្យព្រាលមើលមិនច្បាស់ប៉ុន្តែ Google មិនព្រមទទួលយកលក្ខខណ្ឌនេះឡើយ ខណៈក្រសួងដដែលបានបញ្ជាក់ជាចុងក្រោយថា រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងនៅតែស្វាគមន៍ជានិច្ចបើសិនក្រុមហ៊ុន Google សម្រេចផ្លាស់ប្តូរគោលជំហររបស់ខ្លួនវិញ។
គួរបញ្ជាក់ដែរថាសង្រ្គាមដ៏ជូរចត់រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងលើសន្ធិសញ្ញាសន្តិភាពណាមួយឡើយ ហេតុដូច្នេះហើយប្រហែលជាកូរ៉េខាងត្បូងកើតមានក្តីបារម្ភខ្លាចក្រែងបើខ្លួន អនុញ្ញាតឲ្យទិន្ន័យដ៏សំខាន់បែបនេះជ្រាបចេញពីក្នុងប្រទេសទៅនោះ ទីតាំងយោធាទាំងឡាយរួមជាមួយ និងកន្លែងសំខាន់ៗដ៏ទៃទៀត នឹងត្រូវលាតត្រដាងយ៉ាងច្បាស់ដែលអាចបណ្តាលឲ្យ កូរ៉េខាងត្បូងស្ថិតក្នុងស្ថានភាពងាយនឹងរងគ្រោះថ្នាក់៕