(អាមេរិក)៖ លោក Robert Bigelow ប្រធានទីភ្នាក់ងារ Bigelow Aerospace និងជាអ្នកជំនាញផ្នែកអវកាសមួយរូបដែរនោះបាននិយាយថា លោកជឿជាក់ចំពោះរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ថានឹងអាចបង្កើនកញ្ចប់ថវិកាទ្វេដងសម្រាប់ទីភ្នាក់ងារអវកាសអាមេរិក NASA និងរៀបចំឡើងវិញផងដែរនូវបេសកកម្មមនុស្សទៅកាន់ឋានព្រះច័ន្ទម្តងទៀត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Space នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមហ៊ុន Bigelow បានធ្វើការអះអាងថាខាងលើនេះ ក៏ជាការក្រើនរំលឹកមួយផងដែរចំពោះសារៈសំខាន់នៃការស្រាវជ្រាវទីអវកាសរបស់អាមេរិក ខណៈគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ចំពោះអង្គការអវកាសធំជាងគេនៅលើលោក NASA ចាប់តាំងពីការឃោសនាបោះឆ្នោតនោះគឺបានបង្ហាញពីភាពវិជ្ជមានរួចមកហើយ ក៏ប៉ុន្តែក្រោយពីលោក ត្រាំ ជាប់ឆ្នោតនោះខាងមន្ត្រីរបស់លោក ត្រាំ មិនទាន់ធ្វើការបញ្ជាក់អំពីគោលនយោបាយចំពោះ NASA ឡើងវិញឡើយ។
លោក Bigelow បានលើកឡើងដូច្នេះថា «ខ្ញុំធ្វើការអំពាវនាវដោយទទូចចំពោះបញ្ហានេះ រហូតដល់ឆ្នាំ២០១៩ ដែលថវិកាជាតិសម្រាប់អង្គការ NASA ក្នុងមួយឆ្នាំៗគួរតែត្រូវបានបង្កើនជាលំដាប់»។ នៅក្នុងរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា ចាប់ពីពាក់កណ្តាលឆ្នាំ២០១៦ ដល់ពាក់កណ្តាលឆ្នាំ២០១៧ (មួយឆ្នាំ) អង្គការ NASA បានទទួលថវិកាតែ ១៩ពាន់លានដុល្លារប៉ុណ្ណោះ ចំពោះមុខថវិកាសំណើរបស់ខ្លួនដែលបានដាក់ទៅកាន់រដ្ឋាភិបាលសហព័ន្ធចំនួនរហូតដល់ទៅ ៤ពាន់ពាន់លានដុល្លារឯណោះ។
គួរបញ្ជាក់ថាក្នុងរដ្ឋបាលថ្មីរបស់លោក ត្រាំ លោកបានបង្ហាញគោលជំហរចង់ឲ្យអាមេរិកធ្វើការស្រាវជ្រាវបន្ថែមទៀតទៅកាន់ទីអវកាសឆ្ងាយៗពីផែនដី និងមានបំណងចង់សហការបន្ថែមជាលក្ខណៈពាណិជ្ជកម្មជាមួយនឹងទីភ្នាក់ងារអវកាសឯកជន។ ប្រការនេះវាគ្មានអ្វីក្រៅតែពីការបង្កើនថវិកាជាតិនោះឡើយ ព្រោះថាការស្រាវជ្រាវកាន់តែឆ្ងាយ នឹងត្រូវការការចំណាយកាន់តែច្រើន៕