(បាកដាដ)៖ នៅក្រោយរយៈពេលមួយខែនៃយុទ្ធនាការយោធាដើម្បីវាយរំដោះយកទីក្រុង Mosul នៃប្រទេសអ៊ីរ៉ាក់ ចេញពីកណ្តាប់ដៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ប្រជាជនអ៊ីរ៉ាក់សរុបជិត៦០,០០០នាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេហើយចំនួននេះបានបន្តកើនឡើងជារៀងរាល់ថ្ងៃ។ នេះបើតាមសម្តីអ្នកនាំពាក្យអង្គការសហប្រជាជាតិ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកនាំពាក្យ UN លោក Farhan Haq បានលើកឡើងដែរថា «កត្តាចម្បងដែលអង្គការសប្បុរសធម៌នានាចាំបាច់ត្រូវធ្វើនោះ គឺធ្វើយ៉ាងណាធានាថាជំរុំបណ្តោះអាសន្នសម្រាប់ជនដែលបាត់បង់លំនៅឋាន អាចទ្រទ្រង់នូវចំនួនរបស់ពួកគេដែលកំពុងកើនឡើងជាបន្តបន្ទាប់បាន» ខណៈមនុស្សប្រមាណជា ៤៥,០០០នាក់បាននិងកំពុងជ្រកកោណនៅទីនោះ ហើយជំរុំបច្ចុប្បន្ននេះអាចនឹងផ្ទុកមនុស្សបន្ថែមបានចំនួនជិត៥ម៉ឺននាក់ទៀត ស្របពេលជំរុំដ៏ទៃៗទៀតកំពុងស្ថិតក្រោមការសាងសង់សម្រាប់មនុស្សចំនួន ៤៥៣,០០០នាក់ទៀត។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅនេះ នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីរ៉ាក់លោក Haider al-Abadi ដែលជាមេបញ្ជាកាដឹកនាំកងកម្លាំងអ៊ីរ៉ាក់ផងដែរនោះ បានប្រកាសអំពីយុទ្ធនាការយោធាទ្រង់ធំមួយដើម្បីវាយរំដោះយកក្រុង Mosul ជាទីក្រុងធំទីពីររបស់ប្រទេសអ៊ីរ៉ាក់ ពីកណ្តាប់ដៃនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលបានកាន់កាប់ទីក្រុងភាគខាងជើងនេះចាប់តាំងពីឆ្នាំ២០១៤ មក៕