(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានក្រើនរំលឹកឱ្យ ម៉ុងហ្គោលី លុបចោលឬហាមឃាត់គំរោងទទួលស្វាគមន៍ការ បំពេញទស្សនកិច្ចរបស់ម្ចាស់ជយលាភីពានរង្វាន់ណូប៊ែលសន្តិភាព សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ ដើម្បីជៀសវាងកុំឱ្យធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនៃអ្នកជិតខាងទាំងពីរដូចកាលពីឆ្នាំ២០០៦។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលចុះផ្សាយនៅមុននេះបន្តិចដោយសារ ព័ត៌មាន Channel News Asia នាល្ងាចថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានគូសបញ្ជាក់ថា «យើងជំរុញយ៉ាងពេញទំហឹងឱ្យម៉ុងហ្គោលី ធ្វើសកម្មភាពទាំងឡាយណាដែលមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីចិន-ម៉ុងហ្គោលី ក៏ដូចជាគោរពតាមការសន្យារបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហានេះ ដោយមិនត្រូវទទួលស្វាគមន៍ ឬគាំទ្រដល់ក្រុមឧទ្ទាមទាមទារផ្ដាច់ទឹកដីជាបក្ខពួករបស់(សម្ដេចសង្ឃ) ដាឡៃ ឡាម៉ា នោះឡើយ»។
គួរបញ្ជាក់ថានៅក្នុងកែវភ្នែករដ្ឋាភិបាលទីក្រុងប៉េកាំង សម្ដេចសង្ឃ ដាឡៃ ឡាម៉ា គឺជាមេចលនាបះបោរទាមទារឯករាជ្យនៅតំបន់ទីបេ ក៏ប៉ុន្តែសម្ដេចសង្ឃ ដាឡៃ ឡាម៉ា ផ្ទាល់ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសឥណ្ឌា ធ្លាប់បានអះអាងថាព្រះអង្គមានបំណងត្រឹមតែស្វែងរកស្វ័យភាពពិតប្រាកដមួយ ជូនមាតុភូមិរបស់ព្រះអង្គតែប៉ុណ្ណោះ បន្ទាប់ពីត្រូវបានចិនគ្រប់គ្រងចាប់តំាងពីឆ្នាំ ១៩៥០មក។
ម្យ៉ាងវិញទៀតនេះក៏មិនមែនជាលើកទីមួយដែរ ដែលទីក្រុងបេកំាង ប្រាប់ម៉ុងហ្គោលី កុំឱ្យទទួលទ្រង់ ត្បិតនៅបន្ទាប់ពីសម្ដេចសង្ឃ ដាឡៃ ឡាម៉ា បំពេញទស្សនកិច្ចមកកាន់ម៉ុងហ្គោលី កាលពីឆ្នាំ២០០៦ ចិនបានសម្រេចចិត្តលុបចោលជើងហោះហើររវាងរដ្ឋធានីប៉េកំាង និងរដ្ឋធានីអ៊ូឡាន់បាទ័រ តែមិនយូរប៉ុន្មាន ជើងហោះហើរនេះត្រូវបានបើកឡើងវិញ៕