(មូហ្សាំប៊ិក)៖ អាជ្ញាធរនៃប្រទេសមូហ្សាំប៊ិក បានបង្កើតគណកម្មការមួយភ្លាមៗដើម្បីបើកការស៊ើបអង្កេត ទៅលើការផ្ទុះរថយន្តដឹកប្រេងមួយក្នុងប្រទេសអាហ្វ្រិកភាគអាគ្នេយ៍មួយនេះ ដែលបានបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ទៅ ៧៣នាក់ និងរបួស ១១០នាក់ទៀតដ៏គួរឲ្យរន្ធត់បំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ហេតុការណ៍ផ្ទុះដ៏អាក្រក់បំផុតមិនធ្លាប់មាននេះ បានកើតឡើងបន្ទាប់ពីរថយន្តដឹកប្រេងដ៏ធំមួយធ្វើដំណើរនៅក្នុងខេត្ត Tete នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា បានកំពប់ប្រេងយ៉ាងច្រើន ហើយប្រជាជននៅតំបន់នោះក៏បានប្រញាយគ្នាយកធុងមកដួសប្រេងទុក ស្រាប់តែមិនប៉ុន្មានផងដែររថយន្តក៏បានផ្ទុះឡើងតែម្តង។ រថយន្តខាងលើនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមកពីប្រទេសម៉ាឡាវី ដែលទំនងជាវាស្ថិតនៅកណ្តាលថ្ងៃក្តៅខ្លាំងយូរពេកទើបបានជាផ្ទុះឡើងបែបនេះ។
គួរបញ្ជាក់ថាមនុស្ស ៤៣នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និង៣០នាក់ទៀតបានស្លាប់នៅពេលគេបញ្ជូនទៅដល់មន្ទីរពេទ្យ។ ដោយឡែកអ្នករងរបួសមួយចំនួនគឺមានសភាពរលាកខ្លោចពេញខ្លួនធ្ងន់ធ្ងរដែលធ្វើឲ្យមានការព្រួយបារម្ភថា នឹងអាចមានមនុស្សស្លាប់បន្ថែមទៀត។ សម្រាប់សីតុណ្ហភាពនៅខេត្ត Tete អំឡុងពេលកើតហេតុនោះគឺ ៣៧អង្សាសេ៕