(ឡុងដ៏)៖ ការសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប ឬ Brexit មិនមែនធ្វើឡើងដោយឥតគិតថ្លៃសម្រាប់ ប្រជាជនអង់គ្លេសនោះទេ ខណៈបំណុលដែលទីក្រុងឡុងដ៏ ជំពាក់សហភាពអឺរ៉ុបកើនឡើងលើស ៦០ពាន់ លានអឺរ៉ូ (ជាង ៦៣ពាន់លានដុល្លារ)។ នេះបើតាមសម្តីមន្ត្រីការទូតអឺរ៉ុបជាន់ខ្ពស់ម្នាក់ដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមមន្ត្រីទូតដដែល ដែលបានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្ដី Politico ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អង់គ្លេសគួរតែនឹងត្រូវបង់ប្រាក់ចន្លោះពី៥៥ ដល់៦៥ពាន់លានអឺរ៉ូ នៅក្នុងក្របខណ្ឌនៃកិច្ចសន្យាផ្ដល់ថវិការរបស់ខ្លួន មុននឹងសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប។ ពោលគឺទីក្រុងឡុងដ៏ផ្ទាល់ បានយល់ព្រមទទួលយកការរ៉ាប់រង ១៥% នៃថវិការសម្រាប់មន្រ្តីចូលនិវត្តន៍ជាជនជាតិអង់គ្លេស និងមិនមែន អង់គ្លេស ដែលធ្លាប់បម្រើការងារនៅក្នុងស្ថាប័នជាច្រើននៃសហភាពអឺរ៉ុប។
មន្ត្រីទូតរូបនេះបានបន្តទៀតថា «អង់គ្លេសមានសិទ្ធិដើរចេញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែអង់គ្លេសក៏មានកាតព្វកិច្ចគិតគូរពីថវិកាដែលត្រូវសងសហភាពអឺរ៉ុបផងដែរ ក្នុងនាមជាសមាជិកនៃស្ថាប័នកំពូលមួយនេះ ហើយកាតព្វកិច្ច និងការសន្យាទំាងឡាយនឹងត្រូវអនុវត្តន៍នៅពេលអនាគត»។ បើតាមមន្ត្រីទូតខាងលើ បើអង់គ្លេសមិនព្រមបង់ប្រាក់ជំពាក់នោះទីក្រុងឡុងដ៏ អាចប្រឈមមុខនឹងតុលាការយុត្តិធម៌អន្តរជាតិ៕