(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីក្រសួងការបរទេសនៃសហរដ្ឋអាមេរិក លោក ចន ឃើរី បានឲ្យដឹងនៅថ្ងៃសុក្រនេះថាលោកបានធ្វើការពិភាក្សាអំពី បញ្ហាវិបត្តិនៅប្រទេស ក្នុងប្រទេសអ៊ុយក្រែន ក៏ដូជាការទម្លាក់គ្រាប់បែក ទៅលើទីក្រុងអាឡេប៉ូនៃប្រទេសស៊ីរី ដែលត្រូវបានបន្តធ្វើឡើងសាជាថ្មី នាសប្តាហ៍នេះ នៅក្នុងជំនួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡារ៉ូវ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្រោយកិច្ចសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសទាំងពីររូប អំឡុងកិច្ចប្រជុំ APEC ដែលប្រព្រឹត្តទៅក្នុងប្រទេសប៉េរូ លោក ស៊ីហ្គៃ ឡារ៉ូវ បានបដិសេធនូវការអះអាងដែលថាកងទ័ពជើងរុស្ស៊ី បានធ្វើការវាយប្រហារតាមផ្លូវអាកាស ទៅលើទីក្រុងអាឡេប៉ូដែលកំពុងស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរីនៅក្នុងសប្តាហ៍នេះ ដោយលោក ស៊ីហ្គៃ ឡារ៉ូវ បាននិយាយថា «កងទ័ពជើងអាកាសរបស់យើង និងរបស់ស៊ីរីបានចេញ ប្រតិបត្តិការរបស់ខ្លួនតែនៅលើខេត្ត Idlib និង Homs ដើម្បីការពារកុំឲ្យពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលប្រហែលជាបានរត់ភៀសខ្លួនចេញពីទីក្រុង Mosul នៃប្រទេសអ៊ីរ៉ាក់នោះចូលមកក្នុងប្រទេសស៊ីរីបានតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថាការវាយប្រហារតាមផ្លូវអាកាស និងការផ្លោងគ្រាប់នៅក្នុងទីក្រុងអាឡេប៉ូ បានផ្តាច់យកជីវិតប្រជាជនស្លូតត្រង់ ដែលរស់នៅទីនោះអស់ជាច្រើននាក់ នៅក្នុងសប្តាហ៍នេះ ដោយការបន្តទម្លាក់គ្រាប់បែកសាជាថ្មីនេះ បានចាប់ផ្តើមឡើងវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីបានផ្អាកអស់រយៈពេលបួនសប្តាហ៍មក៕