(ម៉ានីល)៖ សពរបស់អតីតប្រធានាធិបតីផ្តាច់ការហ្វីលីពីន ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៨៩ និងត្រូវបានរារាំងមិនឲ្យបញ្ចុះនៅទីលាន បញ្ចុះសពបុព្វបុរស រាប់ទសវត្សរ៍មកហើយ ត្រូវបានប្រារព្ធពិធីបញ្ចុះនៅរសៀលថ្ងៃសុក្រនេះ ក្រោយពីទទួលបានការអនុញ្ញាតពីប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូធើតេ។ នេះបើតាមការផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
មន្ត្រីយោធាហ្វីលីពីនមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបយ៉ាងដូច្នេះថា «សពរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos ត្រូវបានរៀបចំពិធីដើម្បីបញ្ចុះ ជាផ្លូវការនៅរសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកានេះ នៅទីលានបុព្វបុរស LNMB ក្នុងរដ្ឋធានីម៉ានីល»។ ចាប់តាំងពីលោក Marcos ទទួលមរណភាពកាលពីឆ្នាំ១៩៨៩ មកដល់បច្ចុប្បន្ន សពរបស់លោកត្រូវបានដាក់តម្កល់នៅក្នុងស្រុកកំណើតនៃក្រុង Ilocos Norte ដោយសារតែលោកជាប់នាម ជាមេដឹកនាំផ្តាច់ការដែលប្រជាជនភាគច្រើននៅតែមានភាពគុំគួនបើទោះបីជាលោក បានទទួលមរណភាពជាច្រើនឆ្នាំមកហើយក៏ដោយ។
ទោះបីជាបែបនេះក្តីក្រោយពីមានការតវ៉ា និងសំណូមពរយ៉ាងទទូចពីភរិយាលោក Marcos ព្រមទាំងក្រុមគ្រួសារ និងការអនុញ្ញាតពីប្រធានាធិបតីបច្ចុប្បន្នលោក រ៉ូឌ្រីហ្គោ ឌូធើតេ ទើបសពរបស់លោកអាចត្រូវបានយកទៅកប់នៅទីលានបញ្ចុះសពវីរៈបុរសហ្វីលីពីន ដែលអតីតមេដឹកនាំកំពូលជាច្រើនរូបត្រូវបានតម្កល់ទុកជាបន្តបន្ទាប់នៅទីនោះ។ ដោយឡែកការតវ៉ាប្រឆាំងចំពោះការបញ្ចុះសពខាងលើនេះ ក៏ត្រូវបានធ្វើឡើងផងដែរនៅទីក្រុងម៉ានីល៕