(សេអ៊ូល)៖ កូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងខ្លំាង ចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ជុំវិញការ ចុះកិច្ចព្រមព្រៀងយោធាដ៏ចម្រូងចម្រាសជាមួយនឹងជប៉ុន ដោយចាត់ទុកថានេះគឺជា «អំពើក្បត់ដ៏អាក្រក់» និង មានបំណងបង្វែការយកចិត្តទុកដាក់របស់ប្រជាជនកូរ៉េខាងត្បូង ឱ្យងាកចេញពីរឿងអាស្រូវរបស់ប្រធានាធិបតីលោកស្រីផាក គឺនហេ តែប៉ុណ្ណោះ។ នេះបើតាមអ្នកនាំពាក្យគណកម្មាធិការកូរ៉េខាងជើងដើម្បីសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលចុះផ្សាយ បន្តដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
កាលពីថ្ងៃចន្ទកន្លងទៅបើទោះជាគណបក្សប្រឆាំងជំទាស់ក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េខាងត្បូងនៅតសម្រេចចិត្តចុះហត្ថាលេខាបណ្ដោះអាសន្នជាមួយទីក្រុងតូក្យូ ស្ដីពីកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធាក្នុងគោលបំណងបង្កើនសមត្ថភាពយោធានៃប្រទេសទំាងពីរ ប្រឈមមុខនឹងការវាយប្រហារជាយថាហេតុណាមួយដោយគ្រាប់មីស៊ីល ឬអាវុធនុយក្លេអ៊ែរពីសំណាក់របបដឹកនាំទីក្រុងព្យុងយ៉ាង ។
ដោយឡែកជុំវិញកិច្ចព្រមព្រៀងយោធានេះដែរ អ្នកនាំពាក្យគណកម្មាធិការកូរ៉េខាងជើងដើម្បីសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អំពើក្បត់ដ៏អាក្រក់របស់កូរ៉េខាងត្បូង គឺមានគោលដៅខ្ទប់ដង្ហើមជនរួមជាតិនៅកូរ៉េខាងជើង ដោយសុខចិត្តទៅបង្កើតសម្ព័ន្ធភាពជាមួយសត្រូវចាស់(ជប៉ុន) តាមរយៈការចុះកិច្ចព្រមព្រៀងដ៏ឆ្កួតលីលា ដែលនឹងជំរុញឱ្យស្ថានភាពកំពុងតានតឹងស្រាប់ ឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែអាក្រក់លើអាក្រក់»។
អ្នកនាំពាក្យរូបនេះដដែលបានបន្ថែមទៀតថា កិច្ចព្រមព្រៀងយោធានេះនឹងអនុញ្ញាតឱ្យជប៉ុនចូលឈ្លានពានឧបទ្វីបកូរ៉េសាជាថ្មីដោយស្របច្បាប់ ដើម្បីចាប់ផ្ដើមសង្រ្គាម ជាមួយកូរ៉េខាងជើង ហើយមិនតែប៉ុណ្ណោះវាក៏នឹងធ្វើឱ្យកូរ៉េខាងត្បូងខ្លួនឯងធ្លាក់ចូលទៅក្នុងនឹមអាណានិគមរបស់ សហរដ្ឋអាមេរិក និងជប៉ុន៕