(ញូយ៉ក)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ បានថ្លែងថាអនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាមនុស្សធ្វើឱ្យលោកមានទំនុកចិត្តខ្ពស់បំផុត ដែលការលើកឡើងនេះធ្វើឡើងនៅក្នុងជំនួបមួយនៅ ឯទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅញូយ៉ក) ក្នុងឱកាសនៃការបំពេញដំណើរទស្សនកិច្ចរបស់លោក អាបេ មកកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ហើយក៏ជាដៃគូយុទ្ធសាស្ត្រមួយផងដែរ ក្នុងការទប់ស្កាត់ការពង្រីកឥទ្ធិពលចិននៅអាស៊ីធ្លាប់បានបង្ហាញ ពីការព្រួយបារម្ភយ៉ាងខ្លំាង ជុំវិញសុន្ទរកថារបស់លោក ដូណាល់ ត្រាំ កាលនៅក្នុងអំឡុងយុទ្ធនាការឃោសនាដែលបានអះអាងថា បើសិនជប៉ុ ឬកូរ៉េខាងត្បូង ត្រូវ ការខែលនុយក្លេអ៊ែរពោលគឺបើចង់បន្តរក្សាវត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេសដើម្បីការពារការគំរាមកំហែងពីមីស៊ីល ឬអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ពួកគេ ត្រូវតែជួយចេញប្រាក់ពាក់កណ្ដាលដល់កងទ័ពអាមេរិក។
ទោះបីជាណាក៏ដោយនៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុង ញូយ៉ក លោក អាបេ បានគូសបញ្ជាក់ជាថ្មីថា ជំនួបរវាងលោក និងលោក ត្រាំ បានប្រព្រឹត្តិប្រកបដោយ ភាពស្និទ្ធស្នាល។ លោក អាបេ បានបន្ថែមថា «បើសិនជាប្រជាជាតិទំាងពីរគ្មានការទុកចិត្ត លើគ្នាទៅវិញទៅមកទេនោះ សម្ព័ន្ធភាពរបស់យើងក៏នឹងមិនដំណើរការ ដែរនៅពេលអនាគត ប៉ុន្តែបន្ទាប់ពីជំនួបនៅថ្ងៃនេះ ខ្ញុំជឿជាក់ថាលោក ត្រាំ គឺជាមេដឹកនាំម្នាក់ដែលអាចឱ្យ ខ្ញុំមានទំនុកចិត្តខ្ពស់បំផុត»។
គួរបញ្ជាក់ថា ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោក ស៊ិនហ្សូ អាបេ នឹងត្រូវធ្វើដំណើរបន្តទៅកាន់ប្រទេសអាហ្សង់ទីន ក៏ដូចជាចូលរួមកិច្ចប្រជុំ APEC ជាមួយបណ្តាមេដឹកនាំកំពូលថ្នាក់តំបន់ និងអន្តរជាតិ ដែលក្នុងនោះក៏មានមេដឹកនាំ ចិន រុស្ស៊ី និង សហរដ្ឋអាមេរិកផងដែរ នៅទីក្រុងលីម៉ា នៃប្រទេសប៉េរូ៕