(ម៉ូស្គូ)៖ វិមានក្រឹមឡាំងរបស់រុស្ស៊ី បានច្រានចោលនូវសេចក្តីរាយការណ៍អំពីដំណើរទស្សនកិច្ច ដោយប្រធានាធិបតី សហរដ្ឋអាមេរិកជាប់ឆ្នោត Donald Trump ទៅកាន់ប្រទេសរុស្ស៊ី ក្រោយពីលោកឡើងកាន់អំណាច នៅឆ្នាំ២០១៧ ដោយវិមាន Kremlin បានបញ្ជាក់ថា មិនមានការពិភាក្សាជាក់លាក់ណាមួយ ពាក់ព័ន្ធនឹងបញ្ហានេះនោះទេ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែវិច្ចិកានេះ។
ប៉ុន្មានថ្ងៃមុននេះ ទស្សនាវដ្តី Russian Izvestia របស់រុស្ស៊ី បានស្រង់សម្តីពីមន្ត្រីជាន់ខ្ពស់ មិនបញ្ចេញឈ្មោះមួយរូប នៅក្នុងគណបក្សសាធារណរដ្ឋ សហរដ្ឋអាមេរិក បានឲ្យដឹងថា លោក Trump មានគម្រោងទៅបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី បន្ទាប់ពីលោកទទួលយកតំណែងជាប្រធានាធិបតី នៅខែមករាខាងមុខនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មិនមានការពិភាក្សាណាមួយ ស្តីពីដំណើរទស្សនកិច្ច របស់លោក ដូណាល់ ត្រាំ នោះទេ រហូតមកដល់ពេលនេះ ហើយសេចក្តីរាយការណ៍ ដែលមិនមានការស្វែងរកប្រភពត្រឹមត្រូវ គឺជាព័ត៌មានបោកបញ្ជោត។
នៅអំឡុងពេលការសន្ទនាតាមរយៈទូរស័ព្ទ នៅថ្ងៃចន្ទ លោកប្រធានាធិបតី Vladimir Putin និងលោក Trump បានប្តេជ្ញាធ្វើការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យ ទំនាក់ទំនងប្រទេសទាំងពីរ ត្រឡប់មកសភាពធម្មតាវិញ។ លោក Peskov បានឲ្យដឹងថា លោក Putin និងលោក Trump មិនបានពិភាក្សាគ្នា អំពីដំណើរទស្សនកិច្ចនាពេលអនាគតនោះឡើយ៕