(ហាណូយ)៖ ប្រទេសវៀតណាមកំពុងតែពង្រីកផ្លូវហោះហើររបស់ខ្លួន នៅក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីធ្វើជាការឆ្លើយតបទៅនឹង ការសាងសង់មូលដ្ឋាន យោធាមួយចំនួន របស់ប្រទេសចិន នៅលើកោះសិប្បនិម្មិតជុំវិញតំបន់ផ្ទៃទឹកដែលកំពុងមានជម្លោះ។ នេះបើតាមការអះអាងរបស់ អ្នកជំនាញអាមេរិក ដែលចេញផ្សាយ ដោយសារទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមអ្នកជំនាញនៃគំរោង AMTI (Asia Maritime Transparency Initiative) របស់មជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បាននិយាយថា រូបភាពពីផ្កាយរណបនៅក្នុងខែវិច្ឆិកានេះបានបង្ហាញឲ្យឃើញអំពីការពង្រីកផ្លូវហោះហើរតែមួយគត់ របស់ប្រទេសវៀតណាម ដែលស្ថិតនៅលើកោះ Spratly Island ពីប្រវែង៧៦០ម៉ែត្រទៅដល់ជាងមួយគីឡូម៉ែត្រ ហើយវានឹងគ្រប់គ្រាន់សម្រាប់ឲ្យវៀតណាមផ្ទុកយន្តហោះល្បាតដែនសមុទ្រ យន្តហោះដឹកជញ្ជូន ក៏ដូចជាយន្តហោះចម្បាំងជាច្រើនគ្រឿងផងដែរ។
គួរបញ្ជាក់ថា វៀតណាមបានបន្ថែមផ្ទៃដីទំហំ ២៣ហិកតានៅលើកោះ Spratly Island ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែវានៅតែមានទំហំមិនបាន ប្រហាក់ប្រហែលនឹងកោះសិប្បនិម្មិតចំនួនបី ដែលចិនបានសាងសង់ឡើងកាលពីឆ្នាំ២០១៣នោះឡើយ ហើយនៅពេលដែលភាគីម្ខាងៗបានប្រឹងតម្លើងសាច់ដុំដាក់គ្នា យ៉ាងដូច្នេះ អាមេរិកបានចេញមុខអំពាវនាវឲ្យមានការបន្ធូរបន្ថយនូវភាពតានតឹង និងងាកមករកដំណោះស្រាយនៃការខ្វែងគំនិតគ្នាដោយសន្តិវិធីវិញ៕