(វ៉ាស៊ីនតោន)៖ ប្រធានស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក James Clapper បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោកសម្រេចចិត្តផ្ញើលិខិតសុំលាលែងពីតំណែងទៅកាន់លោក បារ៉ាក់ អូបាម៉ា ហើយ ដោយនឹងមិននៅរង់ចាំរហូតដល់ការផ្ទេរតំណែងប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនាដើមឆ្នាំក្រោយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោក Clapper ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងគណៈកម្មាធិការចារកម្ម បន្ទាប់ពីមានពាក្យចចាមអារាមលេចលឺមកថា នាយកផ្នែកស៊ើបការណ៍សម្ងាត់អាមេរិករូបនេះ ប្រហែលជាអាចនឹងរក្សាតំណែងរបស់ខ្លួនបន្តទៀតនៅក្នុងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ដែលត្រៀមនឹងក្លាយជាប្រធានាធិបតីជាផ្លូវការនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ប៉ុន្តែវាទំនងជានឹងមិនដូច្នោះឡើយ ខណៈលោក ត្រាំ កំពុងរៀបចំតែងតាំងមន្រ្តីសម្រាប់រដ្ឋាភិបាលថ្មីរបស់ខ្លួនដោយផ្ទាល់។
ដោយឡែកលោក James Clapper ក្នុងវ័យ៧៥ឆ្នាំ បានឲ្យដឹងថា លោកមានអារម្មណ៍ល្អមែនទែននៅពេលដែលដាក់ពាក្យសុំឈប់បែបនេះ ហើយទង្វើនេះត្រូវបានអ្នកវិភាគមួយចំនួនជឿជាក់ថា ជាសញ្ញាមួយដែលផ្តល់ឲ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដើម្បីធ្វើការពន្លឿននៃការជ្រើសរើសមនុស្សរបស់ពួកគេផងដែរ៕