(តូក្យូ)៖ តុលាការជប៉ុនបានចេញសាលក្រម បង្គាប់ឲ្យរដ្ឋាភិបាលរបស់លោក ស៊ីនហ្សូ អាបេ ធ្វើការបង់ប្រាក់ជំងឺចិត្តដល់ប្រជាជនចំនួន ៣,៣៩៥នាក់ ដែលកំពុងរស់នៅ និងទទួលរងសំឡេងរំខានខ្លាំងបំផុតពីមូលដ្ឋានទ័ពអាកាសរបស់អាមេរិក Futenma នៅលើកោះអូគីណាវ៉ា។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា។
តុលាការស្រុក Naha បានចេញសាលក្រមខាងលើនេះ ដោយយោងទៅលើភស្តុតាងជាក់ស្តែងនៃបណ្តឹងរបស់ប្រជាជនរាប់ពាន់នាក់រស់នៅក្បែរមូលដ្ឋានទ័ព ដែលសំបូរដោយយន្តហោះគ្រប់ប្រភេទរបស់សហរដ្ឋអាមេរិកខាងលើនេះ។ ទឹកប្រាក់ដែលសងជំងឺចិត្តចំពោះប្រជាជនទាំង ៣,៣៩៥នាក់នោះមានចំនួន ២.៤៦ពាន់លានយ៉េន ស្មើនឹង ២២.៦លានដុល្លារអាមេរិក ដែលពីដំបូងឡើយពួកគេបានប្តឹងទាមទារសំណងពីរដ្ឋាភិបាលជប៉ុនរហូតដល់ទៅ ១០ពាន់លានយ៉េនឯណោះ។
គួរបញ្ជាក់ថាមូលដ្ឋានទ័ពអាកាស Futenma របស់អាមេរិកនៅលើកោះ អូគីណាវ៉ា របស់ជប៉ុននេះ បានទទួលរងពាក្យបណ្តឹងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកម្ល៉េះ ប៉ុន្តែជាច្រើនឆ្នាំមកនេះរដ្ឋាភិបាលជប៉ុន មិនបានចាត់វិធានការណាមួយដើម្បីតបស្នង ឬដោះស្រាយឲ្យបានសមចិត្តចំពោះប្រជាជន ដែលរស់នៅក្បែរមូលដ្ឋានទ័ពដ៏មមាញឹកនេះឡើយ។ ទោះបីជាបែបនេះក្តីមេធាវីដើមបណ្តឹង បានប្រកាសថាលោកនឹងធ្វើការប្តឹងឡើងទៅតុលាការកំពូលបន្ថែមទៀត៕