(ប៉េកាំង)៖ អ្នកវិភាគចិនដែលមានជំនាញលើកិច្ចការនៅតំបន់ឧបទ្វីបកូរ៉េ បានបង្ហាញពីការយល់ឃើញ​ផ្ទាល់​ខ្លួនថាប្រទេសចិន​នឹងមិនបោះបង់ចោលកូរ៉េខាងជើងនោះឡើយ ទោះជាមានរឿងអ្វី​កើតឡើង​ក៏ដោយ ខណៈសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ កាន់តែមានសារៈសំខាន់ឡើងថែម​ទៀតដោយ​សារតែ​ការ​ខិតខំប្រឹង​ប្រែង​របស់​សហរដ្ឋអាមេរិក ក្នុងការបង្រ្កាបឥទ្ធិពលនៃ​ទី​ក្រុងប៉េកកាំង ដែលកំពុងកើនឡើង​យ៉ាងខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងសិក្ខាសាលាដែលរៀប​ចំឡើងនៅក្នុងមហាវិទ្យាល័យ Ajou ភាគខាងត្បូងរដ្ឋធានីសេអ៊ូល សាស្រ្តាចារ្យផ្នែកនយោបាយ​មកពីសកលវិទ្យាល័យ​ចិនលោក Wu Peng បានថ្លែងថា «រហូតមកទល់​សព្វថ្ងៃនេះចំណងទាក់ទងរវាងចិន និងកូរ៉េខាងត្បូងមាន​ភាពប្រសើរជាងមុន រីឯវិបត្តិអាវុធនុយក្លេអ៊ែរ​​នៅលើឧបទ្វីបកូរ៉េបានកើនឡើងជាបន្តបន្ទាប់ ហើយជាងនេះទៅទៀត​មនុស្សមួយ​ចំនួននៅក្នុង​ប្រទេសយើងថែម​ទាំងបានលើកឡើង​ពីការបោះបង់ចោលបញ្ហាកូរ៉េ​ខាងជើង​ទៀតផង»

យ៉ាងណាមិញលោកសាស្រ្តាចារ្យបានគូសបញ្ជាក់ថា «បើនិយាយពីទីតាំងភូមិ​សាស្រ្តវិញអ្នកគួរតែ​ចងចាំ​ថាប្រទេស​កូរ៉េខាងជើងប្រៀបដូចជាជញ្ជាំងសុវត្ថិភាព និងតំបន់យុទ្ធសាស្រ្តមួយ​សម្រាប់ប្រទេស​ចិន​អ៊ីចឹង ហើយអំណោយផល​នៃយុទ្ធសាស្រ្តនេះហើយ ដែលចិនកាន់តែឲ្យតម្លៃបន្ថែមទៀតស្របពេលដែលសហរដ្ឋ​អាមេរិក កំពុងព្យាយាមបន្សាបឥទ្ធិពលរបស់​ចិនដូច្នេះចិនទំនងជានឹងមិន​បោះ​បង់កូរ៉េខាងជើង​នោះឡើយ»។ ប្រការនេះសបញ្ជាក់ឲ្យឃើញថាប្រទេស​កូរ៉េខាងជើង ជាសម្ព័ន្ធមិត្តរបស់ចិនដែលមិនអាច​កាត់ផ្តាច់បានខាងផ្នែកភូមិសាស្ត្រ៕