(ហ្សាការតា)៖ ផ្ទះប្រជាជនឥណ្ឌូណេស៊ីនៅលើតំបន់ទេសចរណ៍ដ៏ល្បីល្បាញគឺ «កោះបាលី» ជាង ៤០ខ្នងបានទទួលរងការបំផ្លិចបំផ្លាញដោយសារតែគ្រោះធម្មជាតិរញ្ជួយផែនដី បានវាយប្រហារនៅពាក់កណ្តាលយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍។
តាមសម្តីរបស់មន្ត្រីនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិលោក Sutopo Nugroho ផ្ទះជាង ៤០ខ្នងដែលបានទទួលរងការបំផ្លាញនោះ គឺស្ថិតនៅក្នុងស្រុក Malang និង Jember របស់កោះបាលី ដែលបានទទួលរងគ្រោះរញ្ជួយដីកម្រិតបង្គួរ ៦.២រ៉ិចទ័រនៅចំកណ្តាលអធ្រាតឈានចូលថ្ងៃព្រហស្បតិ៍។ ដោយឡែកសម្រាប់មនុស្សស្លាប់ ឬរងរបួសនោះនៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់នោះឡើយ។
គួរបញ្ជាក់ថាគ្រោះរញ្ជួយផែនដីកម្រិត ៦.២រ៉ិចទ័រដែលមានជម្រៅ ៦៩គីឡូម៉ែត្រ បានវាយប្រហារនៅទីតាំងមួយដែលមានចម្ងាយ ១២៧គីឡូម៉ែត្រនៃភាគអាគ្នេយ៍ស្រុក Malang។ ទោះបីជាយ៉ាងក៏ដោយ ទីរួមខេត្តបាលី និង ជ្វាខាងកើតក៏បានទទួលអារម្មណ៍ដឹងពីគ្រោះរញ្ជួយដីខាងលើនេះដែរ ដែលនាំឲ្យមានការភ័យតក់ស្លុត ជាពិសេសពីសំណាក់ភ្ញៀវទេសចរណ៍៕