(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple មានគំរោងកាត់បន្ថយតម្លៃលើការលក់សេវាកម្មវីដេអូនៅក្នុង App Store ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីចាប់យកយុទ្ធសាស្ត្រផ្នែកកម្សាន្តវីដេអូ ដូចជាភាពយន្ដវីដេអូ និងកម្មវិធីទូរទស្សន៍ (TV Shows)។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមប្រភពពីអ្នកស្និទ្ធនឹងក្រុមអ្នកគ្រប់គ្រងគំរោងនេះ ក្រុមហ៊ុន Apple ក៏មានបំណងផងដែរក្នុងការកាត់បន្ថយចំណែកនៃប្រាក់ចំណូលដែលបានមកពី video streaming apps ពី ៣០ភាគរយ នៅពេលបច្ចុប្បន្នមកនៅត្រឹម ១៥ភាគរយស្របពេលកម្មវិធីមិនមែនវីដេអូផ្សេងទៀត (non-video apps) នឹងត្រូវបានកាត់បន្ថយ ៣០% បន្ទាប់ពីអតិថិជនជាវសេវាកម្មពេញមួយឆ្នាំរួចមក។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុន Apple លោក Tom Neumayr បានបដិសេធមិនធ្វើអាត្ថាធិប្បាយណាមួយឡើយ ពាក់ព័ន្ធនឹងគំរោងនេះ។
គួរបញ្ជាក់ថាគំរោងកាត់បន្ថយតម្លៃសេវាកម្មវីដេអូ ត្រូវបានគេលើកឡើងក្នុងបរិបទនៃកំណើនយឺតយ៉ាវនៃការលក់ទូរសព្ទដៃ Iphone ដែលជំរុញឱ្យមានការផ្ដោតអារម្មណ៍កាន់តែច្រើន ទៅលើការរកប្រាក់ចំណូលតាមរយៈសេវាកម្មវីដេអូលើ App Store និងសេវាកម្មដ៏ទៃទៀតដូចជា Apple Music និង iCloud។ បន្ថែមពីលើនេះសេវាកម្មទំាងនេះបានធ្វើឱ្យការលក់របស់ក្រុមហ៊ុន Apple កើនឡើង ២២% ឬស្មើនឹង ២៤ពាន់លានដុល្លារគិតត្រឹមខែកញ្ញាឆ្នាំ២០១៦៕